ប្អូនប្រុសលោកស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រកាសសម្រេចមិនយកថ្លៃបន្ទប់ជួលរយៈពេល ៣ខែ ដើម្បីសម្រាលការលំបាករបស់បងប្អូនកម្មកររោងចក្រ។ នេះបើតាមទំព័រហ្វេសបុករបស់លោក Chhoeun Bunchhorn អតីតអធិការស្រុកកោះធំ ខេត្តកណ្តាល។
លោក ឈឿន ប៊ុនឆន បានថ្លែងថា ទឹកចូលច្រមុះដូចតែគ្នា នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង សង្ឃឹមវានឹងរលាយឆាប់ៗ។
លោកថ្លែងបន្តថា “បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)”។
សូមរម្លឹកថា ដោយគិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៦៩០ នាក់អ្នកជាសះស្បើយ ៩៥០ នាក់ អ្នកកំពុងព្យាបាល ៧៣៥ នាក់ និងមានអ្នកស្លាប់ ០៣ នាក់ដដែរ៕
រូបភាពហ្វេសបុក៖ លោក ឈឿន សុចិត្ត