លោក គួច ចំរើន បញ្ជាឲ្យបញ្ឈប់ការងារជនបង្ករ ​ដែលមាន​ចេតនាធ្វើឲ្យបែកពងអាជីវករ

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ នារសៀលថ្ងៃអាទិត្យ ខែមីនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing, people sitting and indoor

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក គួច ចំរើន បានបោះបន្តជូនទៅលោកស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះលោកក៏បានណែនាំឱ្យមានការថតវិដេអូខ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវិដេអូខ្លីបដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។

ទើបលោកបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ ដូច្នេះឯកឧត្តមត្រូវពិចារណា និងចាត់ការករណីនេះឱ្យបានហ្មត់ចត់បំផុតដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះបានទេ។

លោក គួច ចំរើន ក៏បានយល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះលោកអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ៕