ថ្លែងក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ថ្ងៃទី២៣ ខែមីនានេះលោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុត ដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។
លោកជំទាវគូសបញ្ជាក់ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ បើតាមលោកជំទាវ ប្រទេសយើងទាំងពីរនៅមានសក្ដានុពលច្រើនទៀត។
នៅក្នុងបេសកកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះ លោកជំទាវ Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។សម្ដេចតេជោ បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវពាក់ព័ន្ធនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។
សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យ ដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក ។
សម្ដេចតេជោបន្តថា ជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ៕