បុគ្គលល្បីៗមកពីខេត្តព្រៃវែង ៥រូប កំពុងក្តោបក្តាប់មុខជំនួញក្នុងដៃខ្ទង់លានដុល្លារអាមេរិក

ជុំវិញ​ឧកញ៉ា

ព្រះសង្ឃ ថ្នាក់ដឹកនាំ គ្រូបង្រៀន គ្រូទេព្យ សហគ្រិន តារាចម្រៀងនិងសម្តែង អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជន កំពុងសាងភាពល្បីល្បាញ និងក្តោបមុខជំនួញរបស់ខ្លួនទទួលបានជោគជ័យយ៉ាងច្រើន។ ស្របពេលជាមួយនឹងភាពជោគជ័យក្នុងជីវិតពួកគាត់ទាំងនោះ ក៏បានចូលរួមជួយអភិវឌ្ឍប្រទេសជាតិ និងជួយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះក៏សង្កេតឃើញមានកូនអ្នកខេត្តព្រៃវែងមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រឧកញ៉ាញូស៍ សូមមិនលើកយកបុគ្គលជោគជ័យល្បីៗទាំងអស់ ដែលមានដើមកំណើតពីខេត្តព្រែវែងមកជម្រាបជូននោះទេ ដោយគ្រាន់តែណែនាំលោកអ្នកឲ្យស្គាល់បុគ្គលទាំង ៥រូបនេះ ដែលកំពុងក្តោបក្តាប់មុខជំនួញក្នុងដៃខ្ទង់លានដុល្លារ និងបានសាងកិត្តិនាមល្បាញល្បីនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១.អ្នកឧកញ៉ា សុខ គង់

ជា​ម្ចាស់​ក្រុមហ៊ុន សូគីម៉ិច គ្រុប (SOKIMEX GROUP) ដែល​រក​ស៊ី​នាំ​ចូល​ប្រេងសាំង រក​ស៊ី​កាស៊ីណូ សណ្ឋាគារ បើក​រោងចក្រ​កាត់​ដេរ និង​ជាពិសេស ម្ចាស់​ក្រុមហ៊ុន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​តំបន់​អង្គរសៀមរាប​ទាំង​មូលកាលពីកន្លងទៅ។

សហគ្រិនចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់លានក្នុងពិភពជំនួញនៅកម្ពុជា លោកផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីប៉ុណ្ណោះ ដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។

អ្នកឧកញ៉ា សុខ គង់ ជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ដែលកំពុងរកស៊ីនៅប្រទសកម្ពុជា។ ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​បាន​លើក​ឡើង​ថា អ្នកឧកញ៉ា មាន​ដើម​កំណើត​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា លោក​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។

២.អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងជាម្ចាស់ផលិតកម្ម ហ្គាឡាក់សុី ណាវ៉ាត្រា លោកជាសេដ្ឋីជោគជ័យក្នុងមុខជំនួញអចលនទ្រព្យនាពេលបច្ចុប្បន្នក្នុងរយៈពេលតែមួយពព្រិចភ្នែក។

លោកធ្លាប់ធ្វើការជាពលករនៅប្រទេសកូរ៉េអស់ជាច្រើនឆ្នាំ ក្រោយមកលោកក៏បានត្រឡប់មកមាតុភូមិវិញ ហើយចាប់ផ្តើមទិញដីលក់ជា។ ខណៈវិស័យអចលនទ្រព្យមានសន្ទុះងើបឡើង និងតម្រូវការសម្រាប់អ្នកវិនិយោគគិនមកពីគ្រប់ទិសទីផងនោះ ជាហេតុបណ្តាលឲ្យកូនអ្នកខេត្តព្រៃវែងរូបនេះ ចាប់យកឪកាសប្រឡូកក្នុងមុខជំនួញអចលនទ្រព្យ រហូតទទួលបានជោគជ័យមានទ្រព្យសម្បត្តិក្លាយជាអ្នកឧកញ៉ាក្នុងរយៈពេលខ្លី ដោយទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ដ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រជាពលរដ្ឋផងដែរ។

៣.លោកឧកញ៉ា ផន វណ្ណិត

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា។ លោកជាអតីតព្រះសង្ឃដែលមានការសិក្សាជ្រៅជ្រះនិងខ្ពង់ខ្ពស់នៅបរទេស និងជាសាស្រ្តាចារ្យ បន្ទាប់មកដោយចំណាប់អារម្មណ៍លើវិស័យកសិកម្ម និងវិស័យអចលនទ្រព្យ លោកក៍ចាប់ផ្ដើមទិញដីដំបូងនៅម្ដុំចោមចៅ ផ្លូវជាតិលេខ៣។

ជាមួយគ្នានោះ លោកឧកញ៉ាក៏បានចូលរួមវិភាគទានថវិកាជាមួយរដ្ឋាភិបាល ដោយកសាងហេដ្ឋារចនាសម័ន្ធ និងចែកអំណោយមនុស្សធម៌ផ្សេងៗដល់ជនក្រីក្រជាច្រើនក្នុងសង្គម។ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២០។

គិតមកទល់បច្ចុប្បន្នលោកឧកញ៉ា ផន វណ្ណិត គឺជាអ្នកជំនួញអចលនទ្រព្យដ៍ជោគជ័យល្បីឈ្មោះបោះសំឡេង ដែលវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច និងគ្រប់គ្រងតំបន់អចលនទ្រព្យសំខាន់ៗចំនួនផងដែរ។

៤.លោកបណ្ឌិត អ៊ិន ចាន់នី

ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាសហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា)។ លោកទទួលបានអាហារូបករណ៍ទៅសិក្សានៅអាមេរិក មុខជំនាញ «ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាស» នៅសាកលវិទ្យាល័យ Howard ដ៏ល្បីរបស់ពិភពលោក ខណៈដែលលោកធ្វើជាគ្រូបង្រៀន។ ឆ្នាំបន្ទាប់លោកក៏បានធ្វើការងារក្នុងវិស័យហរិញ្ញវត្ថុជាមួយអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP។

លោក​បណ្ឌិតបាន​ប្រែក្លាយ​ធនាគារ​អេស៊ីលីដា​ដែល​ធ្លាប់ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ផ្តោតលើ​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ក្លាយ​ទៅ​ជា​ធនាគារ​លំដាប់​កំពូល​មួយ​នៅ​កម្ពុជា​ដែល​មាន​ចំណែក​ទីផ្សារ​ធំជាងគេ ទាំង​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ដែល​មាន​ចំណែក​ទីផ្សារ​ជិត​ ៥០% ​។ នៅ​ដំណាច់​ខែកុម្ភៈ​ឆ្នាំ​ ២០២០ ធនាគារ អេស៊ីលីដា ភី អិលស៊ី មាន​អតិថិជន​ឥណទាន​ចំនួន​ ៤០៥ ៦២០ និង​ប្រាក់​បញ្ញើ​មាន​ចំនួន ២ ៣៦៦ ៦១១ គណនី​។

លោកកាន់តួនាទីជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

៥.លោក ឃឹម សុខហេង

ជាស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ ហើយយុវវ័យភាគច្រើនបានស្គាល់លោកតាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពីអភិវឌ្ឍន៍ផ្នត់គំនិតជោគជ័យ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ (IRs) ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងផ្នែកវិទ្យាសាស្ត្រអប់រំ។

លើសពីនេះទៀត លោកត្រូវបានទទួលការបណ្ដុះបណ្ដាល, បង្វឹក និងណែនាំដោយអ្នកជំនាញដ៏ល្បីល្បាញទូទាំងពិភពលោក ដូចជាអ្នកឯកទេសអភិវឌ្ឍន៍មនុស្សអូស្ត្រាលី, អ្នកឯកទេសជប៉ុនផ្នែកទស្សនវិជ្ជា, ការច្នៃប្រឌិត, ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ព្រមទាំងទទួលការបង្ហាត់ពីសកលពាណិជ្ជកម្មអាល្លឺម៉ង់ផងដែរ។

កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៤ លោក ឃីម សុខហេង ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានទៅទស្សនកិច្ចនៅចក្រភពអង់គ្លេស, អាល្លឺម៉ង់, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ស្កុតឡែន, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម។ លោកបានផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកចូលរួមជាង ១១៦ ០០០ នាក់ ជាមួយនឹងអង្គការជាច្រើនរួមទាំងអង្គភាពឯកជនដូចជា CHIP MONG Group, អាកាសយានដ្ឋាន (PPIA), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), MFIs និង Sathapana Bank Plc. រួមទាំងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដូចជា កាកបាតក្រហមកម្ពុជា, UNDP, CARE International និង Concerning Worldwide ជាដើម។

ក្រឡែកមើលដំណើរជីវិតរបស់ពួកគាត់ម្នាក់ៗ មិនមែនកើតមកក្នុងត្រកូលអភិជន អ្នកមានទ្រព្យធនធានច្រើននោះទេ ប៉ុន្តែពួកគាត់ទាំងនោះខិតខំតស៊ូលះបង់ជំនះគ្រប់ឧសបគ្គ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យសម្រាប់ជីវិតរបស់ខ្លួន។ ព្រោះមនុស្សយើងគ្រប់គ្នាតែងមានទេពកោល្យ ចំណេះដឹង ជំនាញ សមត្ថភាព និងឪកាសផ្តល់ដូចៗគ្នា គ្រាន់យើងមានសមត្ថភាពឈោងចាប់យកឪកាសមាស ហើយប្រែក្លាយពីបុគ្គលសាមញ្ញមកជាបុគ្គលជោគជ័យល្បីល្បាញដែលជួយអភិវឌ្ឍនសង្គមជាតិជាមួយរាជរដ្ឋាភិបាល៕