កំប្លោកជាច្រើនបានរសាត់តាមទឹកសមុទ្រ ដែលមកទើនៅឆ្នេរអូឈើទាល ដែលសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងប្រមូលសម្អាតកំប្លោកទាំងនោះ នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩នេះ។
ការសម្អាតគំនរកំប្លោកខាងលើនេះ ធ្វើឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន ក្រុមហ៊ុនសម្រាម KSWM ក្រុមហ៊ុនប្រមូលសំណល់សំណង់ សង្កាត់ទាំង៤ និងអាជីវករលក់ដូរសរុបជាង ២០០នាក់ បានចុះសម្អាតគំនរកំប្លោកនៅឆ្នេរអូឈើទាល ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន ដែលបានឆ្លើយឆ្លងតាមសារអេឡិចត្រូនិច។
បើទោះបីជាយ៉ាងណា លោក លឹម ភត្រី បានឲ្យដឹងថា តួលេខនៃការប្រមូលគំនរកំប្លោកព្រឹកនេះ ប៉ុន្មានតោន នៅមិនទាន់ដឹងនៅឡើយព្រោះកំពុងប្រតិបត្តិការនៅឡើយ ហើយកំប្លោក ដែលប្រមូលបាននឹងយកទៅចាក់ចោលនៅទីតាំងចាក់សម្រាម។
គេនៅចាំបានថា កាលពីឆ្នាំ២០១៨កន្លងទៅ កំប្លោកបានរសាត់តាមសមុទ្រ មកទើតាមឆ្នេរមួយចំនួន ដូចជាឆ្នេរអូឈើទាល និងឆ្នេរអូរត្រេះ ជាដើម។ ប្រភពកំប្លោកដែលរសាត់មកឆ្នេរខ្មែរនាពេលនោះ ត្រូវបានអតីតភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បញ្ជាក់ថា ប្រភពមកពីប្រទេសជិតខាង៕
ប្រភព៖ រដ្ឋបាលក្រុងព្រះសីហនុ