បើនិយាយអំពីឈ្មោះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកអ្នកប្រាកដជានឹកដល់មុនគេ គឺអ្នកឧកញ៉ា គិត ម៉េង ដែលជាមគ្គុទេស៍ដ៏ឆ្នើមក្នុងការការដឹកនាំក្រុមហ៊ុនដែលឈានមកដល់ចំណុចកំពូលជោគជ័យមួយ ក្នុងចំណោមក្រុមហ៊ុនជោគជ័យធំៗនៅស្រុកខ្មែរ។ ប្រិយមិត្តធ្លាប់តែតាមដានប្រវត្តិជោគជ័យ និងការជោគជ័យក្នុងមុខជំនួញរបស់មហាសេដ្ឋី គិត ម៉េង តែបើបកទៅនិយាយពីជីវិតអតីតកាលរបស់លោក ទម្រាំឈានមកកាន់កាប់ក្រុមហ៊ុនលើសពី ៣០ក្រុមហ៊ុនក្នុងដៃ ដែលសុទ្ធសឹងតែជោគជ័យលេចធ្លោ មិនមែនជារឿងចៃដន្យឡើយ។ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមរំលើកបើកកកាយពីមុខរបរ និងការងារដំបូងៗ ដែលមហាសេដ្ឋីប្រាក់លានរូបនេះធ្លាប់បានឆ្លងកាត់។
មហាសេដ្ឋីដែលមានវ័យ ៥៦ឆ្នាំ ឈរលេខរៀងលំដាប់កំពូលរបស់កម្ពុជា គិត ម៉េង ជាកូនពាណិជ្ជករម្នាក់ជាប់ខ្សែស្រឡាយចិន លោកដង្ខៅ គិត ប៉េងអៀក។ ក្នុងឆ្នាំ១៩៧៥ លោក និងក្រុមគ្រួសារ ត្រូវបានគេជម្រៀសទៅ រស់ជុំរុំនៅប្រទេសថៃ។ ឪពុកម្តាយរបស់លោកបានស្លាប់ ដោយសារការអត់ឃ្លានការរស់នៅក្នុងជំរុំ។ រស់នៅជុំរំនៅប្រទេសថៃ លោកត្រូវបានគេដាក់អោយនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលកាលនោះដេកជាមួយនឹងសត្វជ្រូកផងដែរ។
នៅឆ្នាំ១៩៨០ លោក គិត ម៉េង និងប្អូនប្រុស គិត ធាង ត្រូវបានធ្វើ អន្តោប្រវេសន៍ ទៅប្រទេសអូស្រ្តាលី ហើយពួកលោកបានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
រស់នៅជាជនអន្តោប្រវែសន៍ លោកបានជួបឧបសគ្គរាប់ម៉ឺនជំពូក ក្នុងបុព្វហេតុដើម្បីបានជីវិតរស់នៅក្នុងប្រទេស អូស្រ្តាលី។ ដោុយមានឈាមជ័រជាកូនពាណិជ្ជករស្រាប់ផងនោះ លោកមិនដែលបោះការតស៊ូឡើយ បើទោះជួបការលំបាក រស់នៅទាំងឥតមេឥតប៉ាយ៉ាងណាក្តី ក៏លោកនិងប្អូនប្រុស ត្រូវតែជម្នះរាល់ឧបសគ្គ បូករួមជាមួយការតស៊ូខ្លាំង ដើម្បីបានរស់ និងសន្សំលុយដើម្បីបន្តដំណើរទៅមុខ។
“នៅអូស្រ្តាលី ពេលអ្នកដើរចែកសំបុត្រ ឬលិខិតប័ណ្ណតាមផ្ទះ ហើយនៅពេលដែលមានអាកាសធាតុត្រជាក់ អ្នកនឹងមានអារម្មណ៍ឯកោរខ្លាំងណាស់”។ នេះជាការលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សាព័ត៌មានអូស្រ្តាលីរបស់អ្នកឧកញ៉ា គិត ម៉េង នាពេលកន្លងទៅ។
មហាសេដ្ឋីប្រាក់លានរូបនេះ ធ្លាប់បានធ្វើការនៅ ភោជនីយដ្ឋានឥណ្ឌា គឺជាអ្នកលាងចាន និងជាកម្មករលាងសំអាតនៅផ្សារបន្លែនៅថ្ងៃអាទិត្យ ហើយការងារដែលមិនត្រូវការជំនាញមួយទៀតដែលលោកបានធ្វើដែរនោះ គឺកាត់ស្មៅតាមផ្ទះឲ្យគេ។
រស់នៅអូស្រ្តាលីអស់រយៈពេលជាង ១០ឆ្នាំ លោកក៏បានវិលត្រឡបមកកាន់មាតុភូមិវិញ នៅឆ្នាំ១៩៩១ ជាមួយប្អនប្រុស គិត ធាង។ មកដល់ស្រុកខ្មែរភ្លាម អ្នកឧកញ៉ា គិត ម៉េង និងលោក គិត សោភណ្ឌ បានសម្រេចចិត្តបើកហាងលក់គ្រឿងសង្ហារឹម និងសម្ភាៈការិយាល័យ ឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា ដោយរួមទាំងទិញសិទ្ធិលក់ ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ។
បន្ទាប់ពីជោគជ័យលើមុខជំនួញតំបូងរបស់ខ្លួន ជំហ៊ានបន្តរបស់លោកនៅពេលនោះ គឺចាប់ផ្តើមបោះទុនវិនិយោគលើក្រុមហ៊ុន The Royal Group ដែលគិតមកដល់ពេលបច្ចុប្បន្នលោកមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនស្ទើរគ្រប់វិស័យ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបង្កើតការអោយប្រជាពលរដ្ឋរាប់ម៉ឺននាក់។
អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នកំពុងដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល គ្រុប ហើយលោកគឺជាមនុស្សដែលមានឥទ្ធិពលមួយរូបក្នុងវិស័យជំនួញនៅកម្ពុជា។ ឧកញ៉ាញូស៍ សូមបង្ហាញជូនលោកអ្នកនាងឲ្យបានស្គាល់ពីក្រុមហ៊ុនធំៗ ដែលកំពុងមានឈ្មោះបោះសំឡេងនាបច្ចុប្បន្ន៖
ក្រុមហ៊ុនសែលកាត, ធនាគារ ជេ ត្រាសរ៉ូយ៉ាល់, វីង, សណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូយ៉ាល់សេនកោះរ៉ុង, CBS(CTN-TV,MYTV,CNC-TV),យ៉ុងស៊ីង គ្លូបប៊លត្រេឌីង, អីហ្ស៊ីតខម, ក្រុមហ៊ុនផ្តល់សេវាឧទ្ធម្ភាគចក្រ Hilicopters Cambodia, ក្រុមហ៊ុនជួលរថយន្តទំនើបរ៉ូយ៉ាល់លីម៉ូស៊ីន, សណ្ឋាគារកាំប៉ូឌីយ៉ាណា, ក្រុមហ៊ុនធនារ៉ាប់រ៉ង Cambodia Life, ក្រុមហ៊ុនធនារ៉ាប់រ៉ង Infinity, ក្រុមហ៊ុន ផ្ទះ និងអាផាតមិនស្តង់ដារអន្តរជាតិ Northbrirdge Communities, សាលាអន្តរជាតិ Southbridge, ក្រុមហ៊ុន Northbrirdge Development, North Park Condominium, KFC និង ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ GSS៕