សារពីគ្រូពេទ្យជួរមុខដ៏មានអត្ថន័យរយលានលានខ្លឹមសារ អមជាមួយរូបថតមួយសន្លឹកអង្គុយលើបង់ឈ្ងោកមុខគិតដោះស្រាយបញ្ហាស្មុគ្រស្មាញនិងវែងឆ្ងាយ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលបានជួបជំងឺឆ្លងកាចសាហាវកូវីដ១៩។ ខណៈដែលរដ្ឋាភិបាល ក្រុមគ្រូពេទ្យ មន្រ្តីគ្រប់លំដាក់ថ្នាក់ បាននឹងកំពុងចូលរួមយ៉ាងសស្រាក់សស្រាមដើម្បីចូលរួមប្រយុទ្ធកុំរីករាលដាលក្នុងសហគមន៍បន្តទៀត។
ទំព័រហ្វេសបុកឈ្មោះ អ៊ូ រស្មី បានសរសេររៀបរាបយ៉ាងដូច្នេះថា “សុំទោសដែលពួកខ្ញុំមិនអាចទាញអ្នកអោយផុតពីមាត់មច្ចុរាជបាន ពួកខ្ញុំប្រឹងអស់ពីសមត្ថិភាពហើយ RIP”។
លោកបានបន្តថា “អ្នកស្លាប់ចេះតែកើនឡើង ឯអ្នកធ្ងន់ចេះតែមកជាបន្តបន្ទាប់ អ្នកឆ្លងថ្មីក៏នៅតែមានហឺ..សង្ឃឹមថា ស្ថានភាពនេះនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗ នេះផងចុះ”។
លោកគ្រូពេទ្យជួរមុខដែលលះបង់កម្លាំងកាយចិត្តទប់ទល់ប្រយុទ្ធក្នុងសមរភូមិដ៍គ្រោះថ្នាក់ ជាមួយសត្រូវឥតស្រមោលវីរុសកូរូណារូបនេះ ក៏សូមចិត្តនិងអំពាវនាវដល់បងប្អូនមេត្តាបន្តសហការណ៍ និងអនុវត្តតាមវីធី ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនព្រោះជំងឺនេះវាពិតជាសាហាវណាស់។ សូមជូនពរសុខសុវត្ថិភាពទាំងអស់គ្នា។
សូមបញ្ជាក់ផងថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨៧២ នាក់ អ្នកជាសះស្បើយចំនួន ១០៥៦ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨០៩ នាក់ ហើយក៏មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៧នាក់ ចាប់តាំងពីកម្ពុជាមានជំងឺកូវីដ១៩នេះ៕