លីហួរ ប្តូរប្រាក់ លីហួរ វេងលុយ បុរីវិមានភ្នំពេញ ទាំងអស់នេះ លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ និងលឺឈ្មោះ បើនិយាយពីឈ្មោះអ្នកឧកញ៉ា លី ហួរ ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ពីភាពជោគជ័យរបស់លោកទាំងក្នុងមុខជំនួញ និងជីវិតគ្រួសារ។ បុរសម្នាក់នេះ ដែលបានលះបង់គ្រប់ឧបសគ្គ និងជ្រុំជ្រែងដើម្បីនាំភាពជោគជ័យមកឲ្យលី ហួរ គ្រុប ក្នុងពិភពជំនួញនៅកម្ពុជា។
អ្នកឧកញ៉ា លី ហួរ ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប និងអាជីវកម្មជាច្រើនមុខជោគជ័យអស់ជាង ៣០ឆ្នាំ ដោយរាបបញ្ចូលទាំងវិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។
ក្រុមហ៊ុននេះ ក្រៅពីមហាេសដ្ឋីដែលកើតចេញពីអាជិវកម្មប្តូរប្រាក់អ្នកឧកញ៉ា លី ហួរ ទៅ ក៏នៅមានសមាជិកក្រុមគ្រួសារនេះជាអ្នកគ្រប់គ្រង់ផងដែរ ក្នុងនោះឧកញ៉ា ស៊ាង លីន អនុប្រធាននាយកប្រតិបត្តិ ត្រូវជាភរិយា, កូនប្រុសច្បង ឧកញ៉ា លី សុភ័ក្ត អនុប្រធានប្រតិបត្តិ, កូនប្រុសទី២ ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ, កូនស្រីទី៣ ឧកញ៉ា លី សុភារី អនុប្រធានប្រតិបត្តិ។
ទម្រាំមានភាពជោគជ័យ ល្បីល្បាញ ក្នុងពិភពជំនួញមកដល់សព្វថ្ងៃ មិនមែនជារឿងចៃដន្យឡើយ តើបុរសម្នាក់នេះពីណា? ចាប់ផ្តើមអាជីវកម្មតំបូងអ្វីទៅ? ហេតុដូចម្តេចបានជាជោគជ័យខ្លាំងម្លេះ? គេហទំព័រឧកញ៉ាញូស៍ សូមបើកកកាយជម្រាបជូនលោកអ្នកនាង។
អ្នកឧកញ៉ា លី ហួរ គឺជាកូនកសិករ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយលោកកំព្រាឪពុកតាំងពីអាយុ ៩ឆ្នាំ។ លោក លី ហួរ បានចិញ្ចឹមជ្រូកមួយក្បាល នៅឆ្នាំ១៩៨០ លុះឈានចូលដល់ឆ្នាំ១៩៨២ ក៏ផ្លាស់ប្តូរទៅជាអ្នកជួញដូរទំនិញកំប៉ិកកំប៉ុកវិញម្តង បន្ទាប់ពីរូបលោកសល់ ២ជីមាស ដែលបានមកពីការលក់ជ្រូកមួយក្បាល។ ជំហ៊ានបន្ទាប់ដែលបុរសកំព្រាឪពុករូបនេះ ដោយបានទិញកង់មួយគ្រឿងសម្រាប់ធាក់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងស្រុកមេមត់។
មុខរបរលក់ស្ករ មិនអាចដោះស្រាយជីវភាពគ្រួសារបាន លោកក៏មានគំនិតចង់ជួញដូរក្រណាត់ សារុង ប៊ីចេង ពីប្រទេសថៃ មកលក់ដូនៅក្នុងស្រុកវិញម្តង។ បន្ទាប់ពីបានចាប់របរមិនក្រោម ៥មុខរបរនោះទាំងមិនបានជោគជ័យ ហើយជីវភាពក៏មិនប្រសើរឡើងផងនោះ នៅតែលោកមិនចុះចាញ់ទម្លាក់ភាពឧស្សាហ៍ព្យាយាមរបស់លោកចោលឡើយ ដោយលោករិតខំប្រឹងប្រែងបន្តទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យសម្រាប់ជីវិតរបស់លោក និងគ្រួសារ។
ឆ្នាំ១៩៨៥ លោកនិងភរិយា បានសំឡឹងឃើញឪកាស ស្របពេលនោះទីផ្សារទិញលក់មាសមិនទាន់មានការរីកចំរើន គាប់ជួនពេលដែលលោកលុយគ្រប់គ្រាន់ដើម្បីចាប់ផ្តើម លោកបានជំនះគ្រប់ឧបសគ្គបើទោះបីមិនទាន់មានដើមទុនច្រើន ភ្លាមៗបានចាប់ផ្តើមជួញដូរទិញលក់មាស បន្ទាប់ពីបោះបង់អាជីពជាអ្នកជួញដូរក្រណាត់។
មុខរបរទិញលក់មាស របស់លោកចេះតែកាក់កបចំណេញឡើងទ្វេដង និងមានទុនគួរសម បូករួមជាមួយឪកាស ទីផ្សារ និងតម្រូវការប្រជាជន លោក លីហួរ និងភរិយា នៅឆ្នាំ១៩៨៦ ចាប់ផ្តើមអាជីវកម្មប្តូរប្រាក់ ជាអាជីវកម្មដំបូងគេបំផុតរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានចាប់ផ្តើមបង្កើតឡើងដោយអ្នកឧកញ៉ា លី ហួរ និងឧកញ៉ា ស៊ាង លីម ដើម្បីផ្តល់សេវាប្តូរប្រាក់ជូនអតិថិជនទូទៅដោយមានតូបប្រតិបត្តិការដ៏តូចមួយនៅរាជធានីភ្នំពេញ។
រយៈពេលជាង ៣ ទស្សវត្សកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានស្គាល់ថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញ និងជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។ អាជីកម្មប្តូរប្រាក់របស់លោកទទួលបានការគាំទ្រ និងជោគជ័យជាហេតុបណ្តាលឲ្យកូនអ្នកកំពង់ចាមរូបនេះ បោះទុនវិនិយោគង្កើតក្រុមហ៊ុនផ្សេងៗទៀតជាបន្តបន្ទាប់។
ក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនមេ លី ហួរ គ្រុប របស់មហាសេដ្ឋីប្រាក់លានរូបនេះ មានដូចជា៖ ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោងនៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់ទិញរថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ,ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពីអាហ្គ្រូ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី និងធនាគារ SBI លី ហួរ។
អ្នកឧកញ៉ា លី ហួរ ឲ្យដំបូន្មានថា “ពិតណាស់ថា លុយសំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែខ្ញុំចាត់ទុកថាជាដើមទុនទី២ ដើមទុនទី១ គឺជាដើមទុនគំនិតនេះឯង បើយើងគ្មានគំនិត គិតឲ្យបានល្អិតល្អន់ និងវែងឆ្ងាយនោះទេ ទោះយើងមានលុយប៉ុន្មានក៏ដោយក៏វាបរាជ័យដែរ”៕