រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣.៥ លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យ នរគពេទ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគទេព្យ ដើម្បីព្យាបាលបងប្អូនកើតជំងឺកូវី១៩ ចំនួន ៣.៥ លានប្រាំសែនដុល្លារ”។
អ្នកឧកញ៉ាបន្តថា “ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា”។
សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង៕