ត្រឹមរយៈពេលមួយយប់ មានមហាសេដ្ឋីប្រាក់លាន ៣រូប ប្រកាសចូលរួមបរិច្ចាគនូវថវិកាជូនសម្តេចតេជោ ហ៊ុន សែន ចំនួន ៧.៥លានដុល្លារ ដើម្បីទិញមន្ទីរពេទ្យ “នគរទេព” ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលដែលមន្ទីរពេទ្យមួយនេះចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩កាលពីថ្ងៃទី២៧ ខែមីនាម្សិលមិញ។
១.ក្រុមហ៊ុន ជីបម៉ុង របស់មហាសេដ្ឋី លាន ឃុន ឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ
២.មហាសេដ្ឋី ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកាចំនួន ៣.៥ លានដុល្លារ
៣. មហាសេដ្ឋី លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P គ្រុប ឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ
សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ៕