កម្ពុជា និងរៀតណាមបានឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងសម្រាប់បន្តសុពលភាព «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំ ២០២១-២០២០។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។
កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ ចំពោះមុខទំនិញចំនួន ៣១ នៃបន្ទាត់ពន្ធគយដែលមានដើមកំណើតនៅ កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម។ ក្នុងចំណោមមុខទំនិញទាំង ៣១ នៃបន្ទាត់ពន្ធគយនេះភាគច្រើនជាផលិតផលកសិកម្ម។
ការបញ្ចប់នីតិវិធីផ្ទៃក្នុងនេះត្រូវបានធ្វើឡើងបន្ទាប់ពីភាគីទាំង ២ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះ (JC) កម្ពុជា-វៀតណាម លើកទី១៨ ស្តីពី «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០។
ទន្ទឹមនឹងនេះផងដែរ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករនិងអ្នកនាំចេញមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញទម្រង់អេស (Co Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញទាំង ៣១ បន្ទាត់ពន្ធគយ។
ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ស្ងួតសម្រាប់អនុវត្តឆ្នាំ ២០២១ សូមផលិតករ និងអ្នកនាំចេញអាចដាក់ពាក្យស្នើសុំមកក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-នាំចូលនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំនេះ៕