ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន លើកទី ២៥ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុកម្ពុជា លោក វង្ស៊ី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ៨ ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ៧១៩ លានដុល្លារ ក្នុងឆ្នាំ២០២១នេះ។
លោកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ ដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ (១). ការងើបឡើងវិញ និងការរស់រាន (Revival and Survival)៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច, (២). ការកែទម្រង់ (Reform)៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង (៣). ការលើកកម្ពស់ភាពធន់ (Resilience)៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអនាគត។
លោក វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ ទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន៕