សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី ចំនួន ៦រូប តាមរយៈប្រព័ន្ធអនឡាញ ដែលមានបេក្ខភាពចំនួន១២រូប តែការបោះឆ្នោតនេះបោះបានតែសមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ។
សមាគមននេះបានបើកជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ដោយលោក ឈឿង ឈីវអៀន ដែលត្រូវបានប្រកាសតែងតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងនិងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់ សហគ្រាសធុនតូចនិងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន ៤០០ ដែលជាម្ចាស់អាជីវកម្មតូវនិងមធ្យម ដែលមានសាខាតាមខេត្តចំនួន ៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រនិងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់និងមានធិរកិច្ចច្រើន៕