ពលរដ្ឋ​អាច​ទៅ​ទិញ​បន្លែ​ផ្សារ​ដើមគរ​បាន តែ​ត្រូវ​មាន​លិខិត​អនុញ្ញាតិ​ធ្វើដំណើរ​ពេលយប់

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែង​ប្រាប់​ណ្តាញ​​សារព័ត៌មាន​​ថា ផ្សារដើមគរដែល​ជា​ផ្សារ​បោះដុំ​និង​ចែកចាយ​បន្លែ​ដ៏ធំ​ នឹង​មិនមានការ​បិទទេ។ ក្រុមអាជីវករអាច​ទៅទិញបន្លែផ្សារដើមគរ យកទៅលក់​ចែកចាយ​ជា​ធម្មតា​តែត្រូវ​មាន​លិខិត​បញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីអាច​ធ្វើដំណើរពេលយប់បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«សូមឱ្យគាត់មានលិខិតបញ្ជាក់មក សមត្ថកិច្ចគាត់អត់ចេះទាយ ឬមើលមុខទៅដឹងថា អ្នកនេះអាជីវករផ្សារដើមគ ឬអ្នកនោះលក់នេះ លក់នោះ ប្រធានក្រុមហ៊ុននេះ គេអត់ដឹងទេ។ អ៊ីចឹងមានលិខិតបញ្ជាក់ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់អាហ្នឹងទៅ គាត់ធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់រួចពីអាហ្នឹងហើយ។ គាត់អាចធ្វើដំណើរបានធម្មតាហើយ ឱ្យតែគាត់មានលិខិតបញ្ជាក់ថា គាត់ជាអាជីវករ ជាអីហ្នឹង»។

គួរ​បញ្ជាក់​ថា រដ្ឋបាលរាជធានីភ្នំពេញបាន​ដាក់​បម្រាមគោចរ​ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ពីម៉ោង៨ យប់​រហូតដល់ម៉ោង ៥ព្រឹក ដើម្បី​ទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ ១៩។ វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។ដែល​ជា​ផ្សារ​បោះដុំ​និង​ចែកចាយ​បន្លែ​ដ៏ធំនៅក្នុង​រាជធានី​ភ្នំពេញ៕