លោកជំទាវឧកញ៉ា កែវ មុំ ជាសហគ្រិនដែលឈរជើងបានយូនិងរឹងមាំក្នុងវិស័យផលិតនំក្នុងស្រុក។ ខណៈវិស័យនេះ សម្រាប់ទីផ្សារកម្ពុជានៅតូច ហើយពោរពេញដោយការប្រកួតប្រជែងពីផលិតផលនាំចូល។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផលិតនំស្រួយ លី លី របស់លោកជំទាវឧកញ៉ា កែវ មុំ មិនត្រឹមជាសហគ្រាសផលិតដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅ ក្រៅប្រទេសទៀងផង។
មុនទទួលបានជោគជ័យក្នុងជំនួញដូចបច្ចុប្បន្ន លោកជំទាវបានហែរឆ្លងការលំបាកមិនតិចឡើយ ដូចជា បញ្ហាហិរញ្ញវត្ថុ ខ្វះទុន ការគ្រប់គ្រងបុគ្គលិកកម្មករ ការប្រើប្រាស់ម៉ាស៊ីន និងការធ្វើឲ្យទីផ្សារឲ្យដើរ។
កើតក្នុងត្រកូលអាជីវករនៅខេត្តតាកែវ លោកជំទាវ កែវ មុំ ដុះគំនិតរកស៊ីតាំងពីតូចៗមកម្ល៉េះ។ តែដោយសារជីវភាពមានការលំបាក លោកជំទាវត្រូវបង្ខំចិត្តឈប់រៀនត្រឹមមធ្យមសិក្សា និងបានផ្ដើមអាជីពដំបូងជាអាជីវករលក់ដូរបន្តិចបន្តួចនៅផ្សារ ហើយក្រោយមកធ្វើការងារជាបុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនភេសជ្ជៈសិង្ហបុរីមួយ។ ធ្វើជាបុគ្គលិកផ្នែកលក់នេះហើយជាឱកាសមួយ អាចឱ្យលោកស្រីបានសម្លឹងឃើញសក្ដានុពល តម្រូវការទីផ្សារកម្ពុជា។
ដោយមានការតាំងចិត្តចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនស្រាប់ និងឱកាសហុចឲ្យផងនោះ ក្នុងឆ្នាំ ២០០២ លោកលោកជំទាវបានប្រឹងប្រែងប្រមូលទុនប្រមាណជាង ១០ម៉ឺនដុល្លារពីការលក់ផ្ទះ និងខ្ចីបងប្អូន មកវិនិយោគចាប់ផ្តើមសហគ្រាសផលិតនំស្រួយ លី លី ដែលកាលនោះមានបុគ្គលិកតែជាង ២០នាក់ប៉ុណ្ណោះ។
គិតមកដល់ពេលបច្ចុប្បន្នសហគ្រាសផលិតនំស្រួយលីលី មានអាយុកាល ២០ឆ្នាំ និងបានផ្ដល់ការងារដល់បុគ្គលិកខ្មែរចំនួន ២៥០នាក់ ត្រូវបានមហាជនជាច្រើនស្គាល់ និងកំពុងនាំចេញទៅក្រៅប្រទេសជាច្រើន ដូចជា អាមេរិក កាណាដា អូស្ត្រាលី ថៃ ម៉ាឡេស៊ី និងកូរ៉េ។
ទម្រាំឈានមកដល់ចំណុចកំពូលនៅក្នុងពិភពជំនួញស្រ្តី្កកម្ពុជា លោកជំទាវឧកញ៉ា កែវ មុំ ពិតជាមានមោទនភាព តែលោកជំទាវក៏នៅតែមិនប្រលែងដៃឡើយ ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ដរាបណាយើងនៅមានជីវិត ភាពជោគជ័យ និងបរាជ័យខុសគ្នាតែមួយជំហានប៉ុណ្ណោះ។ បើយើងធ្វេសប្រហែស អាចជួបនឹងភាពបរាជ័យភ្លាម។ អ្វីដែលយើងទទួលបាន លេចចេញពីការខិតខំប្រឹងប្រែងតាំងពីអត់មានអីទាន់តែសោះ យើងអាចធ្វើបានប៉ុណ្ណឹង ចុះឥឡូវយើងមានប៉ុណ្ណឹងហើយ យើងអាចធ្វើបានច្រើនទៀត ដូច្នេះយើងត្រូវប្រឹងបន្តទៀត៕