គិតមកទល់ថ្ងៃនេះ អស់រយៈពេល ២៥ថ្ងៃហើយ ដែលតារាចម្រៀង ណុប បាយ៉ារិទ្ធ ទទួូលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៅសណ្ឋាគារ The great Duke Hotel។ ថ្ងៃនេះ តារាចម្រៀងជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជារូបនេះ ក៏បានប្រកាសថា រូបលោក បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ប៉ុន្តែលោកត្រូវបន្តទៅធ្វើចត្តាឡីស័កខ្លួនឯង នៅផ្ទះរយៈពេល ១៤ថ្ងៃបន្ថែមទៀត តាមការណែនាំរបស់គ្រូពេទ្យ។ ទន្ទឹមគ្នានេះ លោក ណុប បាយ៉ារិទ្ធក៏បាន សរសេរសំណេរដ៏មានអត្ថន័យមួយ រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន កំឡុងពេលសម្រាកព្យាបាល ហើយថា ពេលដឹងខ្លួនថាជាពីកូវីដ ហើយតាមត្រឡប់ទៅផ្ទះ ជួបជុំក្រុមគ្រួសារវិញ ប្រៀបបាននឹងកើតជាថ្មីម្ដងទៀតអុីចឹង។
«ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូវីដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel ទើបតែបានជា មានឱកាសមកធ្វើចត្តាឡីស័កបន្តរនៅក្នុងបន្ទប់ដាច់តែឯង១៤ថ្ងៃនៅម្សុិលមុិញទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ។ គ្រប់រូបភាពនិងអក្ការៈលំបាកដែលខ្ញុំបានឆ្លងកាត់វានៅជាប់នៅក្នុងការចងចាំរបស់ខ្ញុំមិនទាន់ភ្លេចទេ នឹកឃើញកាលណា គឺហាក់ដូចថ្មីៗណាស់ ខ្ញុំនៅខ្លាច នៅភ័យ នៅតែបារម្ភពីសុខភាពខ្លួនឯងជានិច្ច ។ ខ្ញុំបានហែលឆ្លងនៅអការៈពេលមេរោគកំពុងវាយប្រហារភ្លាមៗ ខ្ញុំអត់ដឹងថាអធិប្បាយយ៉ាងណាអោយបងប្អូនយល់ ដោយសារពេលនោះខ្ញុំតក់ស្លុតពេលដឹងថាខ្លួនឯងក្លាយជាអ្នកជម្ងឺកូវីត ភ័យ រាងកាយចាប់ចុះខ្សោយ ញ៊ាំបាយបានតែមួយស្លាបព្រា អការៈជម្ងឺចាប់ធ្វើទុក្ខសន្ធប់ភ្លាមៗ គេងក៍មិនលក់៥នាទីភ្ញាក់ៗ ញ៊ាំក៍មិនចូល ទឹកក៏ផឹកមិនចូល អណ្តាតភ្លាវល្វីង ក្អក ក្អួត រាគ គ្មានកម្លាំង ហត់ រហូត សន្លប់២ដងគេងក្បែរចានបង្គន់ក្នុងបន្ទប់ទឹក ។ សម្រាប់អ្នកដែលមិនជឿថែមទាំងប្រមាថ នោះហើយគឺជាហានិភ័យ ព្រោះ
មិនទាន់ឆ្លងកាត់ ។ ប៉ុន្តែសូមបងប្អូនពិចារណាថា តើបងប្អូនប្រាកដ្តទេ ថារាងកាយបងប្អូនគ្មានជម្ងឺប្រចាំកាយសោះ? បងប្អូនប្រាកដ្តទេថាបងប្អូនសុខភាពល្អ? បងប្អូនប្រាកដ្តទេថាបងប្អូនបានពិនិត្យសុខភាពរៀងរាល់៣ខែម្តង? ហើយបងប្អូនប្រាកដ្តទេថាបើនៅតែគ្មានការប្រុងប្រយ័ត្ន បងប្អូនអាចគេចផុតពីការឆ្លងកូវីដមកខ្លួនឯង និងគ្រួសារ? អ្នកខ្លះនៅតែយល់ថា វាមានហានិភ័យខ្ពស់តែនៅលើមនុស្សចាស់អាយុច្រើន មានជម្ងឺប្រចាំកាយ អត់ទេបងប្អូន មេរោគបំលែងថ្មីបច្ចុប្បន្ន គ្រូពេទ្យបានប្រកាសហើយ ថាវាកាន់តែកាចសាហាវ ពិនិត្យ២ ៣ដងបានឃើញ ទម្រាំឃើញអ្នកជម្ងឺខ្លះខូចសួតបាត់ទៅហើយ រឹតតែបង្ករហានិភ័យ និងមានសង្ឃឹមតិចណាស់ក្នុងការសង្គ្រោះ ។ ពេលនេះគឺជាពេលដែលយើងគ្រប់ៗគ្នាម៉្មើងម៉ាត់ចំពោះខ្លួនឯង និង ដាក់វិន័យក្នុងគ្រួសារ អោយប្រកាន់ភ្ជាប់គោលការ៣កុំ ៣ការពារ ដាច់ខាតកុំចចេស កុំប្រមាថ មិនអាចយកជីវិតមកលេងសើចនិងកូវីដបានទេ ។
សំណេររបស់ខ្ញុំវែងៗបន្តិច តែខ្ញុំពិតជាបារម្ភ ពិតជាភ័យខ្លាចជួសបងប្អូន បារម្ភពីគ្រួសារខ្លួនឯងផង បារម្ភពីបងប្អូនដូចគ្នា មិនចង់ឃើញបងប្អូនណាកើតបន្តរ ឬ ចម្លងទៅដល់គ្រួសារ ពិសេសដល់ ពូ មីង យាយតាចាស់ៗ ដែលគាត់មានជម្ងឺប្រចាំកាយស្រាប់ ឬក៍មានវ័យជរា ។ សូមបងប្អូនក្រើនរំលឹកខ្លួនឯងជានិច្ចថា ត្រូវតែប្រយុទ្ធប្រឆាំងនិងកូវីដ ត្រូវតែការពារខ្លួន និង គ្រួសារពីវាអោយបាន។»
សូមជូនពរអោយបងប្អូនទាំងអស់ ពង្រឹងស្មារតី រឹងមាំ ការពារខ្លួនឯង និងគ្រួសារ ដាច់ខាតកុំអោយក្លាយខ្លួនជាជនរងគ្រោះដោយការឆ្លងនៅមេរោគកូវីដ១៩អោយសោះ។ សូមជូនពរបងប្អូន ពូមីង យាយតា មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីការឆ្លងរីករាលដាលបន្តរ ពិសេសចងចាំនិងអនុវត្តន៍ដាច់ខាត គោលការណ៍៣កុំ ៣ការពារ ៕ សូមអរគុណ