បើទោះក្នុងស្ថានភាពការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ក្តី ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករជាង ៨៥០០០តោន ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំជាងគេក្នុងចំណោម៤១ប្រទេស។
របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះមានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២ ៦៩០តោន ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២ ២២៥តោន និង ប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០មានចំនួន២ ០៨៧តោន។
របាយការណ៍ខាងលើបានបន្តថា បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានការថយចុះបើធៀបនឹងរយៈពេល៣ខែដូចគ្នាឆ្នាំ២០២០កន្លងទៅ។
ជាក់ស្តែង៣ខែឆ្នាំនេះកម្ពុជាបាននាំចេញអង្ករចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោនស្មើនឹង(-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។
ក្នុងនោះមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥% ៕