រូបភាពអគារតាំងបង្ហាញមួយដែលមានឈ្មោះ Tesla ត្រូវបានមហាជនជាច្រើនបានដាក់ការសង្ស័យថាជាការក្រុមហ៊ុនTesla របស់មហាសេដ្ឋីអាមេរិក លោក Elon Musk ។ យ៉ាងណាបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលោក Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជី ក្រុមហ៊ុនTesla ចំនួន ពីរគឺ ១-ក្រុមហ៊ុន TESLA INDUSTRIES CO., LTD និងក្រុមហ៊ុន ២-TESLA ENGINEERING AND CONSTRUCTION CO., LTD ។ ក្រុមហ៊ុនទាំងពីរនេះ មានអាស័យដ្ឋាននៅមហាវិថីព្រះមុនីវង្ស (ម្ដុំបឹងត្របែក) ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូប ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសបុក មានការនឿយឆ្ងល់ជាខ្លាំងថា បើក្រុមហ៊ុន Tesla មិនបានចុះបញ្ជីហេតុអីមានអគារ Showroom នៅផ្លូវសហព័ន្ធរុស្ស៊ី ទាំងឡូហ្គូ និងរូបរថយន្តក្រុមហ៊ុន Tesla។ ខណៈមហាជនមួយចំនួនទៀត បង្ហាញការសង្ស័យថា មហាសេដ្ឋី Elon Musk មិនទាន់មានព័ត៌មានពីការចុះបញ្ជីច្បាស់លាស់នៅកម្ពុជាទេដឹង។
ឆ្លើយតបនឹងសំណួរ ថាតើក្រុមហ៊ុនអាមេរិក Tesla Inc របស់លោក Elon Musk ពិតជាបើកទីតាំងលក់រថយន្តនៅកម្ពុជា ឬយ៉ាងណានោះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក ឆែត រ៉ូដឹម៉ៃយើរ (Chad Roedemeier) បានប្រាប់សារព័ត៌មានកោះសន្តិភាពថា «លោកមិនទាន់មានព័ត៌មានអ្វីពាក់ព័ន្ធនឹងប្រធានបទនេះនោះទេ» ។
សូមជម្រាបថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក ជារបស់កំពូលមហាសេដ្ឋី Elon Musk ដោយបច្ចុប្បន្នក្រុមហ៊ុនផ្លូវការ Tesla មានសាខានៅតាមប្រទេសប្រមាណជិត ៤០ប្រទេស ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់៕