តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ២ គឺការបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ទុនវិនិយោគចំនួន ១២.៦លានដុល្លារសហរដ្ឋអាមេរិក និងអាចបង្កើតការងាបានប្រមាណជាង ១៨៤០កន្លែង ដែលទីតាំងវិនិយោគស្ថិតក្នុងខេត្តកណ្តាល និងខេត្តព្រះសីហនុ។
គម្រោងដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រេចចុះបញ្ជីនជូនមានដូចខាងក្រោម៖
១- MCBAG CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។
២- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។
សូមរម្លឹកជូនឡើងវិញដែលថា ត្រឹមរយៈពេលមួយខែ ក្នុងខែមីនា ឆ្នាំ២០២១នេះ បើទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ២៩គម្រោង ដែលបោះទុនវិនិយោគប្រមាណ ២,០៧១,៧លានដុល្លារ និងអាចបង្កើតការងារងបានជាង ១ម៉ឺនកន្លែង៕