ទីបំផុតតារាកំប្លែងក្នុងក្រុមនាយ ពែកមី អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានសម្រេចចូលរោងការមួយនៅថ្ងៃនេះ ហើយ ជាមួយកូនកំលោះ នាយ កៃដ ដែលមានឈ្មោះពិតថា អ៊ុំ ក្សត្រា អតីតតារាកំប្លែងក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនជាមួយគ្នា។ អ្វីដែលជា ការចាប់អារម្មណ៍នោះ លោក ឧកញ៉ា ទុំ សារ៉ុត ហៅ ឃ្លោក គឺជាអ្នកកំដរកូនកំលោះ ចំណែក អ្នកកាត់សក់វិញ គឺអ្នកនាង ខាត់ សុឃីម និង នាយកុយ។
មុនមកដល់ថ្ងៃនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងលោក អ៊ុំ ក្សត្រា ហៅ កៃដ គឺជាមេម៉ាយ និងពោះម៉ាយដូចគ្នា ក្រោយពីបាក់បែកស្វាមី និងភរិយាមុនដូចគ្នា។ ក្នុងវេលាសេពគប់គ្នា ភាគីខាងស្រី ធ្លាប់រងការចោទប្រកាន់ពីបងថ្លៃស្រីនាយ កៃដ ថាជាអ្នកដណ្ដើមប្ដីពីប្អូនស្រីគេ។ ប៉ុន្តែក្រោយមក ពួកគេទាំងពីរចេញមកបដិសេធ ថាពួកគេស្រឡាញ់គ្នាទៅវិញទៅមក។
ក្រោយមក នៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០១៧ ពួកគេក៏បានប្រកាសសែនព្រេនយកគ្នាជាគូ និងរួមរស់ជាមួយគ្នារហូតមក។ ទម្រាំមកដល់ថ្ងៃនេះ ភាគីខាងស្រី បានអះអាងថា នាងបានឆ្លងកាត់ជីវិតតស៊ូច្រើនណាស់ មានទាំងគ្រប់រសជាតិ គឺមានភាពលំបាក ជូរចត់ វេទនា បោកប្រាស់ បោះបង់ ធ្វើបាប ។ល។ យ៉ាងណា នាង អះអាងថា បានតាំងចិត្តជម្នះឲ្យបានរហូតមក រហូតបានរកឃើញពន្លឺជីវិតជាថ្មីនៅថ្ងៃនេះ ដោយនាងសំអាងទៅលើ អំពើល្អទាំងឡាយ ដែលនាងបានសាង។
ពិធីជ័យរបស់តារាកំប្លែងរូបនេះ នឹងប្រព្រឹត្តទៅនៅនឹងផ្ទះរបស់នាងតែម្ដងស្ថិតនៅក្នុងភូមិសាស្ត្រភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីទទួលភ្ញៀវកិត្តិយសពិសាភោជនីយអាហារក៏ធ្វើនៅទីនោះដូចគ្នា៕