បច្ចុប្បន្ននេះ កម្ពុជាអាចមានសមត្ថភាពធ្វើតេស្តរកជំងឺកូវីដ១៩ ប្រមាណជិត១ម៉ឺនសំណាកក្នុង១ថ្ងៃ នៅតាមទីតាំងចំនួន៣កន្លែង នៅរាជធានីភ្នំពេញ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងឱកាសចុះពិនិត្យនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ទីតាំងចំនួន៣កន្លែងនោះរួមមាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអាចធ្វើតេស្តបាន៤ពាន់សំណាកក្នុង១ថ្ងៃ វិទ្យាស្ថានសុខភាពសាធារណៈធ្វើតេស្តបានចំនួន៤ពាន់សំណាកនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលនឹងដាក់ដំណើរការនៅក្នុងខែមេសានេះ អាចមានសមត្ថភាពតេស្ដចំនួន១៣០០សំណាកក្នុងមួយថ្ងៃ។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងនឹងពង្រីកមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩បន្ថែមទៀត នៅខេត្តមួយចំនួនទៀតដូចជានៅមន្ទីរពេទ្យខេត្ដព្រះសីហនុ, មន្ទីរពេទ្យខេត្ដសៀមរាប, មន្ទីរពេទ្យបាត់ដំបង ដែលនឹងធ្វើរួចរាល់ជាស្ថាពរនៅក្រោយចូលឆ្នាំខ្មែរនិងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមិនបាច់បញ្ជូនសំណាកមករាជធានីភ្នំពេញទៀត។
លោកបញ្ជាក់ថា ក្រសួងនឹងត្រៀមដាក់ម៉ាស៊ីនតូចៗនៅតាមតំបន់នីមួយៗបន្ថែមទៀតផងដែរដូចជា នៅខេត្ដស្វាយរៀង កំពង់ចាម និងកំពង់ធំ។ លើសពីនេះលោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា ការពង្រីកមន្ទីរពិសោធន៍បន្ថែមទៀតនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសំណាក ដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈកម្ពុជាកំពុងមានផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ហើយរហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានធ្វើតេស្តចំនួន៧៣១៣៨៣ស្មើនឹង៤៣៥៣៤ ក្នុង១លាន នាក់៕