ក្រសួងសាធារណការ និងដឹកជញ្ជួន បានស្នើទៅធនាគារអភិវឌ្ឍន៍អាស៊ី ADB ពិនិត្យមើលលទ្ធភាពជួយគាំទ្រលើការបិតផ្លាកសុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងឧបករណ៍កសិកម្មនានា ដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់។
ក្នុងជំនួបពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធវីដេអូពីចម្ងាយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យADB ពិនិត្យមើលលទ្ធភាពជួយគាំទ្រលើការបិតផ្លាកសុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងឧបករណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ គំនូសចរាចរណ៍និងសញ្ញាចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គាល់ផ្លូវ ជាដើម។
ទន្ទឹមនឹងនោះលោកទេសរដ្ឋមន្ត្រី ក៏បានស្នើផងដែរ ឱ្យធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួនទៅលើ តំបន់ឆ្លងកាត់ព្រំដែននានារបស់កម្ពុជា (Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេស ទីផ្សារមហាអនុតំបន់ទន្លេមេគង្គ(GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការ ឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឱ្យប្រសើរឡើងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាតាម រយៈកំណើនសេដ្ឋកិច្ច។
ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែលបានលើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕