ជនជាតិចិន ២៥៩នាក់ ក្លាយជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០

ជុំវិញ​ឧកញ៉ា

បើទោះក្នុងស្ថានភាពកូវីដ១៩ ប្រទេសចិន បានកើនមហាសេដ្ឋីជាង ២០០នាក់ កាលពីឆ្នាំ២០២០កន្លងទៅ។ ខណៈទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មីមួយចំនួន បានជួយទូទាត់ចំពោះការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់។

បើប្រៀបធៀប សហរដ្ឋអាមេរិកបានបង្កើតមហាសេដ្ឋីថ្មីត្រឹមតែ៧០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនសរុបរបស់ខ្លួនកើនដល់៦៩៦នាក់។

ប្រទេសចិន ត្រូវបានពិភពលោកមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកលូតលាស់ខណៈ ហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩។

របាយការណ៍របស់ Hurun បានឲ្យដឹងថា ជារួម ចិនបានបន្តនាំមុខក្នុងការបង្កើតទ្រព្យសម្បត្តិពិភពលោក ដោយប្រទេសនេះបន្ថែមមហាសេដ្ឋីថ្មីចំនួន៤៩០នាក់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិកដែលមានត្រឹម១៦០នាក់៕

ប្រភព៖ Daily Mail