កំណើនអ្នកអានសៀវភៅ បានធ្វើឲ្យវិស័យតែងនិពន្ធកាន់តែរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលនេះដែរ អ្នកនិពន្ធ ម៉ីសន សុធារី បានដាក់សម្ពោធឲ្យប្រើប្រាស់វេបសាយបែបឌីជីថលរបស់អ្នកនិពន្ធផ្ទាល់តែម្ដង។
ការដាក់ឲ្យប្រើប្រាស់នៅវេបសាយបែបឌីជីថល ជាការជួយសម្រួលដល់មិត្តអ្នកអាន ក៏ដូចជាហ្វេនដែលកំពុងសម្រាកធ្វើការពីផ្ទះឬមិនអាចចេញទៅណាបានក្នុងអំឡុងពេលនេះ។
កញ្ញា នាង មុនីច័ន្ទ ជាសិស្សថ្នាក់ទី១២ និងជាសមាជិក MST ហ្វេនក្លឹប បានប្រាប់កម្ពុជាថ្មី ក្នុងបទសម្ភាសន៍ថា ប្អូនមានអារម្មណ៍សប្បាយចិត្ត ព្រោះថានៅក្នុងសម័យកូវីដនេះ នរណាក៏ខ្លាចរអាការឆ្លងជំងឺ ហើយនៅពេលដែលអ្នកនិពន្ធសម្ពោធវេបសាយផ្ទាល់ គឺពិតជាផ្ដល់ភាពងាយស្រួលដល់អ្នកអានក្នុងការចូលទៅអានរឿងថ្មីៗរបស់អ្នកនិពន្ធបានគ្រប់ពេលវេលានិងទីកន្លែង។
កញ្ញាក៏បានបន្ថែមជាការសំណូមពរទៅកាន់អ្នកនិពន្ធថា សូមឲ្យអ្នកនិពន្ធចេញរឿងស្នេហាបែបសិស្សវិទ្យាល័យម្ដង ព្រោះនាងចូលចិត្តអានរឿងប្រភេទនេះជាពិសេស។
កញ្ញា អ៊ិន បូបូ
ដោយឡែក កញ្ញា អ៊ិន បូបូ ជាជាសមាជិកទសប៉ាកកាមួយរូបក៏បានផ្ដល់ចំណាប់អារម្មណ៏រំភើបរីករាយដែរថា កញ្ញាមានអារម្មណ៍ថាថ្មី ប្លែក ហើយងាយស្រួលក្នុងការអាន គ្រប់ចំណងជើងរបស់អ្នកនិពន្ធមានបង្ហាញនៅលើវេបសាយទាំងអស់ ចឹងអ្នកអានអាចជ្រើសរើសចំណងជើងដែលចង់អានបានតាមចិត្ត និងកាត់បន្ថយចំណាយបានខ្លះ បើធៀបទៅនឹងការទិញសៀវភៅ។
កញ្ញាបានបន្ថែមទៀតថា អានលើឌីជីថលក៏មានផលរំខានតិចតួចដល់អ្នកដែលមិនទម្លាប់ បើអ្នកខ្លះគាត់ស្រឡាញ់ការអានលើសៀវភៅជាង។ តែយ៉ាងណាការបង្កើតវេបសាយអាន ជាការឈានមួយជំហានទៀត សមស្របនឹងកាលៈទេសៈបច្ចុប្បន្ន ជួយសម្រាលអារម្មណ៍ស្មុគស្មាញក្នុងរយៈពេលតឹងតែងនេះបាន។
សូមបញ្ជាក់ដែរថា អ្នកនិពន្ធ ម៉ីសន សុធារី ក៏បានបញ្ចេញនូវចំណងជើងរឿងប្រលោមទាំងស្នេហានិងអបិយជំនឿខ្លះៗនៅលើវេបសាយបែបឌីជីថលថ្មីដែលទើបតែសម្ពោធដូចជា ៖ បេះដូងមេគង្គ , ស្រលាញ់បងជ្រៅជាងសមុទ្រ , ថ្ងៃណាមួយ និង រូបខ្មៅស្រអាប់៕