ហេតុអ្វី ជីបម៉ុង រឹងមាំឈរជើងបានយូរក្នុងពិភពជំនួញនៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

ជីបម៉ុង គ្រុប បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​កាន់​តែខ្លាំង​ឡើងៗ នៅក្នុងពិភពជំនួញនៅកម្ពុជា ហើយក្រុមហ៊ុននេះ ត្រូវបានមនុស្សភាគច្រើន មើលឃើញថាកំពុង​​ក្តោបក្តាប់​សេដ្ឋកិច្ច​កម្ពុជាមួយផ្នែក​។ ការចាត់ចំណាត់ថ្នាក់នេះគឺ​ផ្អែក​ទៅ​លើ​សកម្មភាព​វិនិយោគ និងការ​អភិវឌ្ឍយ៉ាង​ខ្លាំងខ្លា​របស់​ក្រុមហ៊ុននៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុអ្វី ជីបម៉ុង មានឥទ្ធិពលខ្លាំង ហើយមានសមត្ថភាពក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាបានស្ទើរទាំងស្រុង?

ចម្លើយគឺមើលទៅលើ​ការ​បង់​ពន្ធ​សព្វសារពើ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចូលទៅរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីគាំទ្រដល់ដង្ហើម​សេដ្ឋកិច្ចកម្ពុជាពីសំណាកក្រុមហ៊ុនយក្សមួយនេះ។ មិន​តែ​ប៉ុណ្ណោះ ជីប ម៉ុង បាន​ផ្តល់​និង​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក រាប់​ពាន់​កន្លែង ដែលនេះ​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​យ៉ាងសកម្មសម្រាប់​ការ​លើក​ស្ទួយ និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។

ជីប ម៉ុង បាន​នាំមកនូវ​ពាណិជ្ជកម្មជា​ច្រើន​​វិស័យ​​ដូចជា​ ការ​អភិវឌ្ឍលំនៅឋាន​ បេតុងលាយស្រេច​​ ការចែកចាយ និងផលិតស៊ីម៉ងត៍​​ ​ការ​ចែកចាយ​ផលិតផល​​បរិភោគ ការផលិតស្រាបៀរ​ និងភេសជ្ជៈ​។ល។ តាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត។

ហេតុអ្វី ជីបម៉ុង រឹងមាំឈរជើងបានយូរក្នុងពិភពជំនួញ?

ជីប ម៉ុង មាន​អ្នក​ដឹកនាំ​សុទ្ធតែ​ជើង​ខ្លាំង​ដែល​មាន​ចំណេះ ជំនាញ ទេពកោសល្យ និង​ទស្សន​វិស័យ​វិនិយោគ​វែង​ឆ្ងាយដ៏ជើងមេឃ។ ថ្នាក់ដឹកនាំកំពូលៗរបស់​ក្រុមហ៊ុន​ទាំង​អស់​នោះ សុទ្ធសឹង​តែ​កើត​ចេញ​មក​ពី​ចង្កោម​គ្រួសារ​ដែលមានដើមកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺអ្នកឧកញ៉ា ភាព ហៀក ​ជា​មាតា និងជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយ​មានសេនាធិការខ្លាំងៗដ៏មានឥទ្ធិពល ពី​កូន​ប្រុស កូន​ស្រី របស់អ្នកឧកញ៉ា គឺអ្នកឧកញ៉ា លាង ឃុន  ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង  អ្នកឧកញ៉ា លាង ម៉េង  អគ្គនាយក ជីប ម៉ុង លោក ជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ឧកញ៉ា លាង ពៅ (ភីធើ) អគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកជំទាវ គីម ចាន់ណា អគ្គនាយិការង​​ជាន់​ខ្ពស់ ជីប ម៉ុង គ្រុង និង លោកស្រី លី សុខឆេង នាយិកា​ទីផ្សារ និង​វិភាគ​ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

ជីប ម៉ុង ទើបតែហក់មកប្រឡូកក្នុង​វិស័យ​អចលនទ្រព្យសឹងក្រោយគេក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្បីៗ ប៉ុន្តែទោះជាយ៉ាងណាក្តី គេ​សង្កេត​ឃើញ​ថា ជីប ម៉ុង បាន​និង​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ ទៅ​លើ​សកម្មភាព​អភិវឌ្ឍន៍​វិនិយោគ​គម្រោង​លំនៅដ្ឋាន​បែប​ប្រណីតៗ​លំដាប់​ខ្ពស់ ជា​ច្រើន​កន្លែង។

ភាពជោគជ័យ និងការរីកចម្រើនដ៏អស្ចារ្យនេះ ក៏ក្រុមហ៊ុន ជីបម៉ុង គ្រុប មិនភ្លេចឡើយក្នុងការរួម​ចំណែក​ផ្តល់​ជា​វិភាគ​ទាន​ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាពេលមានគ្រោះមហន្តរាយនិងវិបត្តិផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០២០ ជីប ម៉ុង បរិច្ចាគជូនរដ្ឋាភិបាល ខ្ទង់លានដុល្លារ ម៉ាស់រាប់លានម៉ាស់ ទឹកបរិសុទ្ធ កម្ពុជា រាប់ម៉ឺនកេស និងផ្សព្វផ្សាយសារអប់រំអស់ថវិកាជាង១៥ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។

អ្នក​ឧកញ៉ា លាង ឃុន បានឲ្យដឹងថា ដើម្បី​សម្រេច​ជោគជ័យ​នូវ​ចក្ខុវិស័យ​នេះ ក្រុមហ៊ុន​បាន​ប្តេជ្ញា​ផលិត និង​ផ្តល់​សេវាកម្ម​លំដាប់​ថ្នាក់​ពិភពលោក​ដែល​ជា​ជម្រើស​ទី១ សម្រាប់​អតិថិជន​ដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន​តាមរយៈ​ការរួម​បញ្ចូល​គ្នា​និង​ការ​ទិញ ឬ​ពហុជំនួញ​ និង​នាំ​មុខ​ទាំង​ការ​បង្កើត និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ប្រកប​ដោយ​និរន្តរ​ភាព៕