ផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងពី ១៦៧៩ដុល្លារក្នុងឆ្នាំ២០១៩ ដល់ប្រមាណ ១៦៨៣ដុល្លារក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
ក្នុងសារលិខិតនេះបន្តថា រាជរដ្ឋាភិបាលក៏បានរៀបចំប្រាក់ចំណូលជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់កម្រិតជាង ១លាន ១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
សូមជម្រាបថា ផលិតផលក្នុងស្រុកសរុប គឺជាសូចនាករសេដ្ឋកិច្ចមួយ ដែលវាស់វែងអំពី ទ្រព្យសម្បត្តិរបស់ប្រជាជាតិមួយ ឬជាអ្វីៗដែលត្រូវបានផលិតឡើង ក្នុងប្រទេសមួយ ក្នុងរយៈពេលមួយឆ្នាំ៕