ធនាគារ ស្ថាបនា បានប្រកាសតែងតាំងលោក ហ្វុង កៃ ជីន ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ដើម្បីសម្របតាមទិសដៅថ្មីរបស់ធនាគារនៅក្នុងឆ្នាំ២០២១នេះ។ នៅក្នុងឆ្នាំ២០២១នេះ ស្ថាបនា បានខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ដ៏ថ្មីបំផុតដោយភ្ជាប់ជាមួយផលិតផល និងសេវាកម្មធនាគារឌីជីថលដ៏ទំនើប រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីចុងក្រោយជូនដល់អតិថិជន។
លោក ហ្វុង កៃជីន បានថ្លែងថា៖ “ វាជាអាទិភាពចម្បងរបស់ធនាគារក្នុងការអភិវឌ្ឍន៍ សមត្ថភាពនិង ជំនាញបុគ្គលិកដើម្បីប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុនេះ។ យើងកំពុងស្ថិតនៅក្នុងបរិបថថ្មីមួយ ដែលបច្ចេកវិទ្យាជួយសម្រួលដល់ការធ្វើប្រតិបត្តិការធនាគារឲ្យកាន់តែមានប្រសិទ្ធភាព និងចំណាយពេលវេលាតិចជាងមុន”។
ប្រធាននាយកប្រតិបត្តិរូបនេះនឹងយកបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុដ៏ទូលំទូលាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការដឹកនាំនិងបង្កើនភាពរីកចម្រើនដល់ ធនាគារ ស្ថាបនា ឲ្យក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបជូនដែលថា លោក ហ្វុង កៃ ជីន បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលីខាងលិច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថាន Royal Melbourne នៃបច្ចេកវិទ្យា Melbourne ប្រទេសអូស្ត្រាលី៕