ខ្សែភាពយន្តតន្ដ្រីជីវិត ដែលដឹកនាំដោយ លោកស្រី ខេលី សូ និងលោក សុខវិសាល ត្រូវបាន គណៈកម្មាធិការអូស្ការខេមបូឌា (COSC) ជ្រើសរើសតំណាង ឱ្យប្រទេសកម្ពុជាសម្រាប់ពានរង្វាន់ភាពយន្តខលក្ខណៈអន្តរជាតិអូស្ការលើកទី ៩២ ។
ខ្សែភាពយន្តតន្ដ្រីជីវិត គឺជារឿងជំនាន់ក្រោយដ៏មានឥទ្ធិពលមួយដែលនិយាយពីស្នេហា សង្គ្រាម និងទំនាក់ទំនងគ្រួសារ អមជាមួយនឹងបទ ”ចម្ប៉ាបាត់ដំបង” ដែលជាចម្រៀង ដ៏ល្បីល្បាញនិពន្ធដោយអធិរាជសំឡេងមាស ស៊ីនស៊ីសាមុត។ ក្នុងសាច់រឿង បានបង្ហាញពី សម័យកាល៣ផ្សេងគ្នា ដែលជីវិតរបស់មនុស្សក្នុង៣ជំនាន់នោះត្រូវបាន ផ្លាស់ប្តូរ ដោយសាររបបខ្មែរក្រហមបានចូលមកដល់។
ខ្សែភាពយន្តតន្ដ្រីជីវិត បានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិក នៅខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មក បានបន្តភាពល្បីល្បាញរបស់ខ្លួនលើឆាកអន្តរជាតិផ្សេងៗទៀតផងដែរ។ ខ្សែភាពយន្តតន្ដ្រីជីវិត ក៏បានចាក់បញ្ជាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ។
លោកស្រី ខេលី សូ, អ្នកសរសេរ និងអ្នកដឹកនាំ ខ្សែភាពយន្តតន្ដ្រីជីវិត បានបកស្រាយថា «តន្ដ្រី ឆ្លងឧបសគ្គ ឆ្លងពេលវេលា អាចបញ្ជូនយើង និងភ្ជាប់យើងឡើងវិញ។ ខ្ញុំដឹងថា បើទោះបីជាអ្នកជំនាន់ក្រោយមិនបានយល់ពីអត្ថន័យនៃចម្រៀងនេះក្ដី តែបន្ទាប់ពីបានស្ដាប់ឭនូវបទចម្រៀង ពួកគេនឹងចង់ស្វែងយល់ពីចម្រៀងមួយបទនេះ។ បទពិសោធន៍ និងរឿងរបស់យើងនៅប្រទេសកម្ពុជា មិនគួរ ត្រូវបានកំណត់ ទៅគ្រាន់ត្រឹមតែវាលពិឃាតនៃរបបខ្មែក្រហមនោះទេ»។
លោកសុខវិសាល ដែលជាដៃគូដឹកនាំ ខ្សែភាពយន្តតន្ដ្រីជីវិត បានបកស្រាយថា «តន្ត្រីតែងតែ មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា។ គ្រប់គ្នាថែមទាំងនិយាយ ទៀតថាតន្ត្រី គឺជាព្រលឹងរបស់ប្រជាជនកម្ពុជា។ ក្នុងនាមខ្ញុំជាផលិតករតន្រ្តីម្នាក់ផងដែរ ខ្ញុំគិតថាខ្សែភាពយន្តនេះពិតជានិយាយអំពីព្រលឹងរបស់ប្រជាជនកម្ពុជា និងអ្វី ដែលបានឆ្លងកាត់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។ ខ្សែភាពយន្តនេះ គឺដូចជាបទចម្រៀង មួយបទ ដែលនិយាយអំពីអ្វីដែល ប្រជាជនកម្ពុជាបានឆ្លងកាត់ ទាំងសេចក្តីរីករាយ និងសេចក្តីសង្ឃឹមនៅចំនុចផ្ដើមនៃរឿង រីឯផ្នែកកណ្តាលបង្ហាញនូវភាពក្រៀមក្រំ និងទុក្ខសោក ហើយទីបញ្ចប់នៃសាច់រឿងបានបង្ហាញ ពីភាពធន់របស់ប្រជាជន យើងតាមរយៈការប្តេជ្ញាចិត្តឆ្ពោះទៅមុខ ដោយមិនបានបំភ្លេចពីអ្វីដែលបានកើត ឡើងក្នុងអតីតកាលនោះឡើយ។»
ខ្សែភាពយន្តតន្ដ្រីជីវិត មិនផ្អែកលើរឿងពិតណាមួយទេ ប៉ុន្តែជាបទពិសោធន៍រួមរបស់ ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយរបបដ៏អាប្រ័យ។ វាជាខ្សែភាពយន្ត ដែលបង្ហាញអោយយើងបានក្រឡេកត្រលប់ទៅកាលប្រទេសកម្ពុជាមុនពេល កំឡុងពេល និងក្រោយរបបខ្មែរក្រហម។
លោក សុខ វិសាលបានមានប្រសាសន៍បន្ថែមថា «យើងចង់ទទួលស្គាល់ការលំបាក របស់អតីតកាលរបស់ប្រទេសកម្ពុជា ខណៈពេលដែរនោះយើងក័ចង់បង្ហាញថាមានរឿង ជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា និងប្រជាជនក្រៅពីការប៉ះទង្គិចផ្លូវចិត្តមួយនោះ។ ចំពោះកម្ពុជា យើងនៅមានសេចក្តីស្រឡាញ់ វប្បធម៌ និងតន្ត្រីពិរោះៗ ជាច្រើនទៀត។ ខ្សែភាពយន្តនេះ ក៏គឺជាការស្វែងរកអត្តសញ្ញាណរបស់មនុស្សម្នាក់ និងសារៈសំខាន់ នៃការដែលមានដើមកំណើតជាខ្មែរ។»
លោកស្រី Mariam Arthur ប្រធាន COSC បានមានប្រសាសន៍ថា «ឆ្នាំនេះមានលក្ខណៈជា ប្រវត្តិសាស្ត្រ សម្រាប់សមាជិកគណៈកម្មាធិការដែលត្រូវបោះឆ្នោត រវាងខ្សែភាពយន្ត ចំនួនពីរ។» ខ្សែភាពយន្តទាំង២ ដែលបានដាក់ជូនគណៈកម្មាធិការដោយកំណត់ត្រឹមថ្ងៃទី ១៥ ខែកក្កដា គឺនៅក្នុងនោះមាន ‘តន្ដ្រីជីវិត’ ដែលដឹកនាំដោយ លោកស្រី ខេលី សូ និងលោក សុខវិសាល, ក៏ដូចជា ‘បោកចំបាប់’ ដឹកនាំដោយ លោកម៉ានីស សាមា។ លោកស្រី Arthur បានបន្ថែមថា «យើងទទួលស្គាល់ថាខ្សែភាពយន្តទាំងពីរ មានភាព សក្ដិសមដើម្បីតំណាងឱ្យប្រទេសកម្ពុជា ប៉ុន្តែយើងអាចបញ្ជូនបានត្រឹមតែខ្សែភាពយន្ត មួយប៉ុណ្ណោះ។»
«នៅលើសន្លឹកឆ្នោតនីមួយៗមានការបោះឆ្នោតពីរជុំ។ ការប្រកួតជុំទីមួយគឺ Yes ឬ No – ដើម្បីបញ្ចាក់ថាតើខ្សែភាពយន្តនោះល្អគ្រប់គ្រាន់ទេដើម្បីតំណាងឱ្យប្រទេសកម្ពុជា។ ហើយខ្សែភាពយន្តទាំងពីរបានឆ្លងកាត់វគ្គទី១» លោកស្រី Arthur បានបន្ថែម។
លោកស្រី Arthur បានពន្យល់ថាសម្រាប់ជុំទីពីរនៃការបោះឆ្នោត គឺជាការដាក់ពិន្ទុតាមផ្នែក ដែលសមាជិកគណៈកម្មាធិការត្រូវតែបោះឆ្នោតដាក់ពិន្ទុពីចន្លោះ ១ ដល់ ១០។ ពិន្ទុត្រូវបានដាក់ ហើយខ្សែភាពយន្តណាមួយ ដែលទទួលបានពិន្ទុសរុបខ្ពស់បំផុត នឹងត្រូវបានជ្រើសរើសឲ្យទៅតំណាងប្រទេសកម្ពុជា។ ផ្នែកដែលត្រូវដាក់ពិន្ទុនោះ រួមមាន សាច់រឿង, ការដឹកនាំ, ការសម្ដែង, បច្ចេកទេសប្លង់ថត, បច្ចេកទេសសំឡេង, ភ្លេង និងប្រធានបទជាសកល។
ជារៀងរាល់ឆ្នាំ ពានរង្វាន់អូស្ការត្រូវបានរៀបចំឡើងដោយ Academy of Motion Picture Arts & Sciences នៅហូលីវូដ។ ប្រទេសនីមួយៗអាចបញ្ជូនខ្សែភាពយន្តតែមួយ សម្រាប់ប្រភេទ ខ្សែភាពយន្តលក្ខណៈអន្តរជាតិល្អបំផុត ហើយមានតែស្ថាប័នដែលត្រូវបានការអនុញ្ញាត ប៉ុណ្ណោះដែលអាចជ្រើសរើសការដាក់ស្នើខ្សែភាពយន្តនេះ។
លោកស្រី Arthur មានប្រសាសន៍បន្ត «វាជាកិត្តិយសណាស់សម្រាប់សមាជិក គណៈកម្មាធិការរបស់យើង ដែលបានចូលរួមនៅក្នុងដំណើរការនេះសម្រាប់ព្រឹត្តិការណ៍ ដ៏មហោឡាឬកនេះ។ ជំនាញរបស់ពួកគេ ក្នុងវិស័យភាពយន្តខ្មែរធ្វើឱ្យសមាជិកមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសភាពយន្តមួយណាដែលគួរតំណាង ប្រទេសកម្ពុជា។»
ដើម្បីឱ្យខ្សែភាពយន្តមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តម្រូវការដ៏ចាំបាច់មួយក្នុងចំណោម តម្រូវការផ្សេងទៀត គឺខ្សែភាពយន្តនីមួយៗ ត្រូវបានចាក់បញ្ជាំងនៅក្នុងប្រទេសកម្ពុជានៅ ចន្លោះថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ។ អ្នកផលិតខ្សែភាពយន្តតម្រូវ អោយជូនដំណឹងដល់ COSC ឱ្យបានមុនថ្ងៃទី ១៥ ខែកក្កដា រៀងរាល់ឆ្នាំ។ លោកស្រី Arthur មានប្រសាសន៍ទៀតថា «យើងលើកទឹកចិត្តផលិតករខ្សែភាពយន្ត ឱ្យទាក់ទង មកយើងមុនពេលធ្វើការកាត់តខ្សែភាពយន្តរបស់ពួកគេ ដូច្នេះយើងអាចពិនិត្យឡើងវិញ និងជួយធ្វើឱ្យប្រាកដថាពួកគេ បានបំពេញគ្រប់តម្រូវការរបស់ Academy ”។
ឥឡូវនេះ ខ្សែភាពយន្តតន្ដ្រីជីវិត ត្រូវបានបញ្ជូនទៅ The Academy ដើម្បីពិចារណាលើ ប្រភេទពានរង្វាន់ “លក្ខណៈអន្តរជាតិ” របស់ពានរង្វាន់អូស្ការ។ អ្នកទាំងអស់គ្នាត្រូវរង់ចាំ មើលថា តើវានឹងត្រូវបានជ្រើសរើសជា បេក្ខភាពចុងក្រោយសម្រាប់ពានរង្វាន់អូស្ការ ដែរឬទេ។ ដំបូង ខ្សែភាពយន្តទាំងអស់នៅក្នុងប្រភេទនេះ នឹងត្រូវបានពិនិត្យឡើងវិញ ហើយខ្សែភាពយន្តចំនួន១០នឹងត្រូវបានជ្រើសរើស។ ក្នុងចំណោមនោះ ខ្សែភាពយន្ត៥ នឹងត្រូវបានជ្រើសរើស ដើម្បីទទួលការបោះឆ្នោតជ្រើសរើសដោយសមាជិក Academy សម្រាប់ខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ។
ពិធីប្រគល់រង្វាន់អូស្ការគ្រោងធ្វើនៅថ្ងៃអាទិត្យទី ៩ ខែកុម្ភៈឆ្នាំ ២០២០ នឹងមានធ្វើ ការផ្សាយផ្ទាល់នៅប្រទេសកម្ពុជានាព្រឹកថ្ងៃច័ន្ទទី ១០ ខែកុម្ភៈឆ្នាំ ២០២០។ សមាជិកគណៈកម្មាធិការបោះឆ្នោតរួមមាន៖ លោក លីប៊ុនយីម, លោក លីយូស្រេង, លោកស្រី ឌីសាវ៉េត, លោក ទេពរិនដារ៉ូ, លោក គ្លូត រតនា, លោក ប៊ូ បញ្ញា, លោក អ៊ាប ជាម៉េង និងលោកស្រី ស កេសារ៉ា៕