ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ។
ការបណ្តេញចេញពីក្របខណ្ឌនគរបាលនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ដាក់លិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២លោក អ៊ុង ចាន់ធួក ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។
សូមបញ្ជាក់ថា នៅមុននេះបន្តិច សមត្ថកិច្ចបានបញ្ជូនលោកផ្កាយ ២ រួមទាំងកូនចៅពីរនាក់ទៅតុលាការ ហើយ។ លោកផ្កាយ២ រួមទាំងកូនចៅពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការឃាត់ខ្លួន ក្រោយពីបានរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ៣០ ទៅ៤០នាក់ កាលពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕