លោក នួន អក ដែលត្រូវបានគេស្គាល់ថា គឺជាសាស្ត្រាចារ្យល្បីឈ្មោះម្នាក់ និងជាអតីតក្មេងកំព្រាក្រីក្រម្នាក់ ត្រូវបានព្រះករុណា មហាក្សត្រ ប្រទានគោរមងារជា ឧកញ៉ា កាលពីពេលថ្មីៗនេះ នេះបើតាមFacebook Page លោកជំទាវ ហ៊ុន ស៊ីណាត ។
យោងតាម Facebook Page លោកជំទាវ ហ៊ិន ស៊ីណាតអមដោយ ព្រះរាជក្រឹត្យនិងមានរូបលោក ឧកញ៉ាផងនោះ បានសរសេររៀបរាប់យ៉ាងដូចនេះថា” សូមអបអរសាទរលោកក្មួយ នួន អក ក្មួយជាក្មេងកំព្រាតែងតែជួយដល់ការងារមនុស្សធម៌យ៉ាងច្រើនជាពិសេសជួយដល់កុមារកំព្រារបស់អង្គការសប្បុរសធម៌កម្ពុកុលបុត្រយើងខ្ញុំ ហើយលោកក្មួយបានជោគជ័យលើមុខជំនួញក្នុងជីវិតក្មេងកំព្រា ពេលនេះផងដែរលោកក្មួយត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ដល់គោរមងារ ជា ឧកញ៉ាជូនពរលោកក្មួយឲ្យបានទទួលជោគជ័យគ្រប់ភារៈកិច្ចលើអ្វីៗ ដែលក្មួយប៉ងប្រាថ្នានាពេលខាងមុខនេះទៀត ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩”។
គេហទំព័រ https://www.oknha.news ដែលតែងតែ ផ្សព្វផ្សាយគ្រប់សកម្មភាពទាំងអស់ របស់ឧកញ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមុខជំនួញ ការចែករំលែកចំណេះដឹង ក៏ដូចជា សកម្មភាពសប្បុរសធម៌ផ្សេងទៀត សូមគោរពជូនលោកឧកញ៉ា និងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខគ្រប់ប្រការនិងសុខភាពល្អ អាយុ យឺនយូរកម្លាំងកាយមាំមួន ប្រាថ្នាអ្វីសម្រេចដូចបំណង៕