ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើសូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។
កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។
ប្រមុខរាជរដ្ឋាភិបាល ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕