គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតានៅកម្ពុជា។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមធនាគារនៅកម្ពុជា បានជូនដំណឹងដល់សាធារណជន នៅថ្ងៃទី២៣មេសានេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដោយមានការអនុញ្ញាត ក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់ បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវា ហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។
សមាគមទាំងពីរក៏សូមជម្រាបជូនសាធារណជនផងដែរថា អតិថិជន អាចដកនិងដាក់សាច់ប្រាក់ពីគណនីរបស់ខ្លួនតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ផងដែរដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។
ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕