រលកទី២នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យកន្លែងបញ្ចុះសពណែនតាន់តាប់ទប់លែងឈ្នះ ខណៈក្រុមគ្រួសារអ្នកស្លាប់ ត្រូវបានគេបង្ខំឲ្យបូជាសពជនរងគ្រោះនៅលើដីរបស់ពួកគេផ្ទាល់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ប្រទេសនេះបានប្រកាសចំនួនអ្នកឆ្លងថ្មីក្នុងកម្រិតកំណត់ត្រា ៣៥២,៩៩១ករណី និងអ្នកស្លាប់ចំនួន២,៨១២នាក់កាលពីថ្ងៃចន្ទ ព្រោះមើលឃើញទិន្នន័យគួរឲ្យខ្លាចបែបនេះ បណ្ដាប្រទេសមួយចំនួនបានប្រកាសផ្អាកទទួលអ្នកដំណើរដែលមកពីប្រទេសឥណ្ឌា។
មុនការហាមឃាត់ មានមហាសេដ្ឋីជនជាតិឥណ្ឌាជាច្រើន បាននាំគ្នាសម្រុកចាកចេញពីប្រទេសទៅកាន់បរទេស។ មធ្យោបាយដែលពេញនិយមសម្រាប់ក្រុមសេដ្ឋីទាំងនោះគឺការជួលយន្តហោះឯកជន ហើយទិសដៅដែលទៅច្រើនគឺសហព័ន្ធអារ៉ាប់រួម ដោយសារវាជាទិសដៅនៅកៀកនឹងប្រទេសឥណ្ឌា។
សហព័ន្ធអារ៉ាប់រួមបានប្រកាសហាមឃាត់ការធ្វើដំណើរដែលមកពីឥណ្ឌារយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១តទៅ។ ហេតុដូច្នេះហើយទើបឥណ្ឌានាំគ្នាសម្រុកទៅទីនោះឲ្យបានមុនថ្ងៃកំណត់។
អ្នកនាំពាក្យពីក្រុមហ៊ុនអាកាសចរណ៍ឯកជន Air Charter Service India បានប្រាប់សារព័ត៌មាន AFP ថា កំណើនការជួលយន្តហោះមានសន្ទុះច្រើនជាងមុនខ្លាំងស្ទើរមិនគួរឲ្យជឿ។ តួយ៉ាងដូចជាការហោះហើរឯកជនចំនួន១២ សុទ្ធតែមានភ្ញៀវពេញៗតែម្ដងកាលពីថ្ងៃទី២៤ ខែមេសា។
ក្រុមហ៊ុនឯកជនមួយទៀតគឺ Enthral Aviation ក៏បានអះអាងដែរថា កន្លងមកប៉ុន្មានថ្ងៃនេះ ចំនួនអ្នកសួរនាំពីតម្លៃជួលយន្តហោះមានច្រើនដល់រាប់រយនាក់។ “យើងបានស្នើយកយន្តហោះពីក្រៅប្រទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការ…វាមានតម្លៃ ៣៨០០០ដុល្លារក្នុងការជួលយន្តហោះ១៣កៅអី ពីទីក្រុងបុមបៃទៅកាន់ទីក្រុងឌូបៃ ហើយតម្លៃ ៣១០០០ដុល្លារក្នុងការជួលយន្តហោះ៦កៅអី” នេះជាការរៀបរាប់របស់ក្រុមហ៊ុន Enthral Aviation ទៅកាន់សារព័ត៌មាន The Economic Times។ Enthral Aviation បានបញ្ជាក់ទៀតថា ក្រៅពីឌូបៃ ការធ្វើដំណើរក៏មានទៅប្រទេសថៃខ្លះៗដែរ។
ដោយឡែក បើយោងតាមសារព័ត៌មាន Sunday Times វិញ បានឲ្យដឹងថា សេដ្ឋីឥណ្ឌាក៏មានគេចទៅអង់គ្លេសមួយចំនួនដែរ កំឡុងរយៈពេល២៤ម៉ោងដែលអង់គ្លេសប្រកាសបិទការហោះហើរពីប្រទេសឥណ្ឌា។ តម្លៃហោះពីឥណ្ឌាទៅកាន់អង់គ្លេសដោយយន្តហោះឯកជនគឺប្រមាណជាង ១៣៨០០០ដុល្លារ។
ប្រភព៖ Businessinsider