ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងបន្តសហការជាមួយ ផ្សារទំនើបអ៊ីអន និងផ្សារទំនើបម៉ាក្រូ ដើម្បីរៀបចំជាប្រព័ន្ធលក់គ្រឿងឧបភោគបរិភោគ និងទំនិញគ្រប់ប្រភេទ តាមអនឡាញជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅទីស្តីការក្រសួងយុត្តិធម៌។
មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ដដែលរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ បច្ចុប្បន្នក្រសួង ក៏កំពុងមានស្តង់មួយចំនួនលក់ទំនិញជាអង្ករ និងគ្រឿងឧបភោគបរិភោគ រួមទាំងដៃគូរសហការ ផ្សារចល័តរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ផងដែរ តែក្រសួងនឹងប្រឹងប្រែងបន្ត ដើម្បីរៀបចំជាមួយខាងផ្សារឯកជនបន្ថែមទៀត។
បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានស្តង់លក់ទំនិញ និងអាហារបម្រុងនៅហ្នឹងកន្លែង ចំនួន ១១ទីតាំង ក្នុងនោះមាន ៨ទីតាំង លក់ជាប់នឹងតំបន់ក្រហមតែម្ដង ដោយផ្ដល់សេវាដឹកឱ្យដល់ទីតាំងអតិថិជនដល់កន្លែង តាមរយៈលេខទូសព្ទ័ទទួលកុម្ម៉ង់ផ្ទាល់ជាង ១០ខ្សែ QR Code ទទួលកុម្ម៉ង់តាមអនឡាញ និងរថយន្តចល័តចំនួន ៨គ្រឿង ដែលក្រសួងបានរៀបចំសហការជាមួយអាជ្ញាធរមូលដ្ឋាន តាំងពីថ្ងៃទី១៥ ខែមេសា មកម៉្លេះ៕