រដ្ឋបាលខេត្តកោះកុង សម្រេចយកផ្ទៃដី ៤ហិចតាដើម្បីសាងសង់ឈាបនដ្ឋានចំនួន២នៅទីតាំងផ្សេងគ្នា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកោះកុង សម្រេចយកផ្ទៃដី ៤ហិចតា ដើម្បីធ្វើឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២ទីតាំង ដែលទីតាំងទី១ ស្រុកមណ្ឌលសីមា និងទី២ ដីបម្រុងទុករបស់ស្រុកបូទុមសាគរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសិក្សាពិនិត្យរកទីតាំងដែលសមស្របមិនបង្កផលប៉ះពាល់ដល់បរិស្ថានសោភណ្ឌភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន។

ក្រោយពិនិត្យ លោកស្រី យល់ថា ទីតាំងដីបម្រុងទុករបស់ស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា អំណោយផលដល់ការធ្វើឈាបនដ្ឋាន។ ដូច្នេះលោកស្រីជំរុញឱ្យមន្រ្តីមន្ទីរជំនាញពន្លឿនការងារវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋានឱ្យបានលឿន មុននឹងផ្តើមដំណើរការសាងសង់នៅពេលខាងមុខឆាប់ៗ។

អភិបាលរងខេត្តកោះកុង លោក ឃឹម ច័ន្ទឌី បានលើកឡើងថា រដ្ឋបាលខេត្តកំណត់យកទីតាំងទី១តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២ ដីបម្រុងទុករបស់ស្រុកនៅឃុំជីត្រេះ ស្រុកបូទុមសាគរ។

សម្រាប់ផ្ទៃដីធ្វើឈាបនដ្ឋាន ត្រូវកំណត់យកដីប្រើប្រាស់២ហិចតាក្នុងមួយឈាបនដ្ឋាន រីឯថវិកាដែលត្រូវចំណាយលើដំណើរការសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកទទួលបន្ទុកគៀងគរមូលនិធិពីសប្បុរសជនឱ្យបានឆាប់រហ័ស។ លោកថា ជាការសិក្សា និងស្រង់បទពិសោធណ៍ខេត្តផ្សេងៗ ឈាបនដ្ឋានមួយអាចចំណាយចាប់ពី៧ពាន់ដុល្លារដល់ទៅជាង១ម៉ឹនដុល្លារ ប៉ុន្តែភូមិសាស្រ្តខេត្តកោះកុងវិញ អាចចំណាយច្រើនជាងនេះ តាមរយៈការចាក់ដីបំពេញចំណុចខ្វះខាតសងខាងផ្លូវចូលទីតាំង។

គួរជម្រាបថា បច្ចុប្បន្នខេត្តកោះកុង ពុំទាន់រកឃើញថាមានមនុស្សស្លាប់ដោយសារជំងឺកូវីឌ១៩នោះទេ៕