តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០មុឺនដូស ចាក់បានតែប្រជាជនជាង ៤០មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង សម្រាប់នៅក្នុងតំបន់ក្រហមដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើតាមនាយករដ្ឋមន្ត្រីកម្ពុជា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០មុឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។
សម្តេចបញ្ជាក់បញ្ជាក់ថា មិនថាត្រឹមតែ ៥២មុឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤មុឺន ឬ៥៥មុឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ។ សម្តេចក៏សូម អង្វរករប្រជាពលរដ្ឋកុំឲ្យចេញពីតំបន់ផ្សេងចូលមកតំបន់ក្រហមដើម្បីបានចាក់វ៉ាក់សាំង ធ្វើយ៉ាងនេះដើម្បីធានាថា យើងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានគ្រប់ៗគ្នា៕