លោកអ្នកនាងប្រហែលជាធ្លាប់បានស្គាល់ ថ្នាំគ្រាប់ គីណាល់ (KINAL) ជាឱសថដ៏ពេញនិយម និងល្បីឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា ដែលផលិតដោយកុលបុត្តខ្មែរតាំងពីឆ្នាំ១៩៦០មកម្លេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះ និងម៉ាកយីហោដ៏រឹងមាំនៅក្នុងអាជីវកម្មឱសថរយៈពេល ៦ទសវត្សរ៍កន្លងមកនេះ សហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) កំពុងសម្លឹងទៅរកការបង្កើនចំណែកទីផ្សារក្នុងស្រុក ក៏ដូចជាការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសថ្មីៗផ្សេងទៀត។
សហគ្រាសផលិតឱសថ ប៉េប៉េអឹម ត្រូវបានបង្កើតឡើងនៅក្នុងប្រទេស កម្ពុជា ជាមួយនឹងការផលិត ឱសថគីណាល់ ជាឱសថដំបូងគេបំផុតរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ដោយបច្ចុប្បន្នសហគ្រាសផលិតឱសថ ប៉េប៉េអឹម បាននាំចេញផលិតផលបំបាត់ការឈឺចាប់នេះរួមនឹងផលិតផលសុខភាពជាច្រើនទៀត ទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេសក្នុងតំបន់អាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុបជាដើម។ គីណាល់គឺជាឱសថដំបូងគេបង្អស់ដែលត្រូវបានផលិតនៅក្នុងប្រទេស កម្ពុជា ដោយលោកឱសថបណ្ឌិត កុក សុខគីម។
រហូតមកដល់បច្ចុប្បន្ន ឱសថគីណាល់ មានការរីកចម្រើនដោយបានផលិតចេញជា៧ប្រភេទ ដែលជាចែកចេញជា១៥ទម្រង់ផលិតផលផ្សេងគ្នា ដែលមានប្រសិទ្ធភាពព្យាបាលទៅតាមកម្រិតនៃការឈឺចុកចាប់ខុសៗគ្នា ដូចជា KINAL សម្រាប់ការឈឺចុកចាប់ធម្មតា; KINAL IBUសម្រាប់ការឈឺចុកចាប់និងហើមខ្លាំង; KINAL CODEINE, KINALVICនិងKINALDOLសម្រាប់ការឈឺចុកចាប់ខ្លាំងកម្រិតទី២; KINALសុលសម្រាប់ក្មេង, KINAFONសម្រាប់បំបាត់ការឈឺចុកចាប់ដោយការកន្ត្រាក់និងចុងក្រោយ KINAL Alcool de Menthe សម្រាប់ប្រើប្រាស់ពេលមានអាការៈ ឈឺក្បាល ធេងធោង ដូចជាពុលរថយន្ត និងសម្រួលខ្លួនប្រាណពេលស្ត្រីឆ្លងទន្លេរួច។
សហគ្រាសផលិតឱសថ ប៉េប៉េអឹម អាចចាត់ថាជាក្រុមហ៊ុនឱសថមួយដែល បានជំរុញដល់មនុស្សជំនាន់ថ្មីឲ្យមានការតស៊ូសិក្សាស្រាវជ្រាវ និងបង្កើតចេញជាគំនិតច្នៃប្រឌិត ដើម្បីឈានដល់ការបង្កើតផលិតផលកម្ពុជា ដែលចូលរួមដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងប្រទេសជាតិទាំងមូល ។
បើយោងតាមអ្នកអង្កេតក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា ប្រទេសកម្ពុជា នាំចូលឱសថប្រមាណ ៩០ ភាគរយ ដែលមានតម្លៃជិត ៣០០ លានដុល្លារ ជារៀងរាល់ឆ្នាំ។ ក្នុងនោះវិស័យឯកជននាំចូលឱសថមានតម្លៃប្រមាណ ២០០ លានដុល្លារ ក្នុង ១ ឆ្នាំ ខណៈរដ្ឋាភិបាលនាំចូលប្រមាណ ១០០ លានដុល្លារអាមេរិក។
ឱសថដែលត្រូវបាននាំចូលភាគច្រើនមកពីប្រទេស បារាំង ឥណ្ឌា ចិន រុស្ស៊ី វៀតណាម និងថៃជាដើម៕