សហគ្រិនចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់លានក្នុងពិភពជំនួញនៅកម្ពុជារូបនេះ ចាប់ផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីប៉ុណ្ណោះ ដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។ លោកជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ឬអាចនិយាយបានថា ជាគ្រាប់អុកសេដ្ឋកិច្ចមួយរូបដែលកំពុងរកស៊ីនៅប្រទសកម្ពុជា។
ក្រុមហ៊ុន សូគីម៉ិច អ៊ិចវេសមេន គ្រុប ខូអិលធីឌី បានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ហើយឥឡូវនេះក្រុមហ៊ុនគឺជាក្រុមហ៊ុនមេគ្រប់គ្រងផ្នែកអាជីវកម្មធំៗជាច្រើន។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ា សុខ គង់ បានខិតខំប្រឹងប្រែងបន្តគម្រោងវិនិយោគឥតឈប់ឈរ ជាមួយយុទ្ធសាស្ត្រទីផ្សារក្នុងការផ្លាស់ប្តូរនិងការប្រកួតប្រជែងក្នុងឧស្សាហកម្មដោយបន្ថែមផលិតផលសេវាកម្មនិងការពង្រីកមូលដ្ឋានអតិថិជន។
ក្រុមហ៊ុនរបស់លោកត្រូវបានគេមើលឃើញថា ផ្តោតលើអភិបាលកិច្ចល្អនិងការយល់ដឹងអំពីទំនួលខុសត្រូវសង្គមបរិស្ថាននិងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។
គិតមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា សុខ គង់ ជាម្ចាស់ក្រុមហ៊ុន សូគីម៉ិច គ្រុប (SOKIMEX GROUP) ដែលរកស៊ីនាំចូលប្រេងសាំង រកស៊ីកាស៊ីណូ សណ្ឋាគារ បើករោងចក្រកាត់ដេរ និងជាពិសេស ជាម្ចាស់ក្រុមហ៊ុនលក់សំបុត្រឲ្យភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរសៀមរាបទាំងមូលកាលពីកន្លងទៅ។
ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សុខ គង់ ជាក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទេសចរណ៍ឋានសួគ៌បូកគោ នៅខេត្តកំពត ដោយរដ្ឋាភិបាលផ្តល់សម្បទានរយៈពេល ៩៩ឆ្នាំ។ ខណៈរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន លោក សាងសង់សណ្ឋាគារ សុខា កម្ពស់ជិត ១០ជាន់នៅត្រើយខាងកើតទន្លេបួនមុខ ចំពីមុខព្រះបរមរាជវាំង។
អ្នកឧកញ៉ា សុខ គង់ បានឲ្យតំបូន្មានថា៖ “យើងធ្វើអ្វីក៏ដោយ យើងត្រូវខំប្រឹងធ្វើវា ហើយយើងត្រូវចេះសន្សំសំចៃ មិនមែនយើងធ្វើថ្ងៃនេះបានដប់ ចាយអស់ដប់ តើថ្ងៃក្រោយយើងបានអីធ្វើទៀត។ យើងធ្វើបន្តិចម្តងៗ ប៉ុន្តែយូរៗទៅវាកាន់តែធំហើយ”។