មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី៨ គ្រោងធ្វើចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨កញ្ញាឆ្នាំ២០១៩ខាងមុខនេះហើយ ក្នុងនោះគណៈកម្មការបានជ្រើសរើសភាពយន្តខ្លីក្នុងស្រុកចំនួន១២ចំណងជើង ដែលមានភាពលេចធ្លោសម្រាប់ចាក់បញ្ចាំងក្នុងមហោស្រពឆ្នាំទី៨របស់ខ្លួន ក្នុង១២រឿងនោះ មានភាពយន្តខ្លី៦រឿង ជាប់ក្នុងជម្រើសដើម្បីប្រកួតប្រជែងយកពានរង្វាន់។ នេះបើតាមការលើកឡើង ក្នុងកម្មវិធីសន្និសីទសារព័ត៌មានឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌល ធនធានសោតទស្សន៏បុប្ផាណាកាលពីព្រឹកថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ម្សិលមិញ។
ភាពយន្តខ្លីទាំង៦រឿងដែលជាប់ក្នុងជម្រើសដើម្បីប្រកួតប្រជែកយកពានរង្វាន់រួមមាន ១“ខ្សែទ្រ” ដឹកនាំរឿងដោយ វង្ស បញ្ញាវ័ន្ត។ ទី២“ព្រោះបងស្រឡាញ់អូនជាង” ដឹកនាំរឿងដោយ ចាន់ ស៊ីណេត។ ទី៣ “ផ្ទះបាយ” ដឹកនាំរឿងដោយ ឯក សាម៉ីឌី។ ទី៤ “អ្នករាំរបាំ” ដឹកនាំរឿងដោយ សេង ធី។ ទី៥ “អ្នកលាបថ្នាំ” ដឹកនាំរឿងដោយ ស៊ិន ចន្ថា។ និងទី៦”មុនមេឃភ្លៀង” ដឹកនាំរឿងដោយ នេត ឥន្ទនរាសុទ្ធីដ្ឋេព។
ចំណែកភាពយន្តខ្លីចំនួន៦រឿងផ្សេងទៀត ដែលជាប់ក្នុងជម្រើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តខ្លីចតុមុខដែរនោះ មានដូចជាទី១រឿង ”គម្រោង៖ស៊ើបអង្កេត” ដឹកនាំរឿងដោយ លី ពៅ។ ទី២រឿង ”ដំណក់ឈាម” ដឹកនាំរឿងដោយ ទេព បញ្ចរង្គ។ ទី៣រឿង “រត់គេច” ដឹកនាំរឿងដោយ អ៊ុក ច័ន្ទបូផៃ។ ទី៤រឿង “សុភមង្គល” ដឹកនាំរឿងដោយ ឌុច ផ្លែកកន្និដ្ឋា។ ទី៥រឿង “អ្នកណា” ដឹកនាំរឿងដោយ សួន គីមសេង និងទី៦រឿង “ជំងឺផ្លូវចិត្ត” ដឹកនាំរឿងដោយ សុង សៀកឡេង។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានលើកឡើងថា៖ «ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស៣ ដែលក្នុងនោះរួមមាន៖
១. ការប្រកួតភាពយន្តឯកសារខ្លី
ឆ្នាំនះ ក្រៅពីរឿងប្រឌិតខ្មែរទាំង១២រឿង នៅមានភាពយន្តឯកសារខ្លីខ្មែរ២រឿង និងបរទេស៤រឿងទៀត។ នេះមិនរាប់បញ្ចូលទាំង ភាពយន្តឯកសារ១៣រឿង ដែលផលិតក្រោមកម្មវិធី«តោះថតឯកសារនៅកម្ពុជា»របស់ក្រុម «ភាពយន្តឈូករ័ត្ន»ផ្ទាល់ផង។
២. រង្វាន់ច្រើនមុខ
-ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា – ១ ០០០ដុល្លារ ជាសាច់ប្រាក់ (cash award) ឧបត្ថម្ភដោយគម្រោងអភិវឌ្ឍ«សម្បួរមាស 6A-261» និងជាសេវាកម្មក្រោយថត (post-production award)ពីផលិតកម្ម «កងចក្រ»សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាមស្តង់ដារអន្តរជាតិ
-ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា – ៥០០ដុល្លារ
-រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក – ៣០០ ដុល្លារ
-រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ – ៣០០ ដុល្លារ
– រង្វាន់«សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» – ៥០០ដុល្លារ
-រង្វាន់«ជំរំភាពយន្តឯកសារ» – ៥០០ដុល្លារ
៣. កម្មវិធីពិសេស
ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងនៅតែសាលសន្និសីទចតុម្មុខតែមួយគត់។ ពិធីបើកមហោស្រព នាថ្ងៃទី៥កញ្ញា នឹងមានចាក់បញ្ចាំងរឿង«១លានឆ្នាំ» ដែលដឹកនាំដោយកញ្ញាសាន ដានេច និងផលិតដោយលោកជូ ដេវី។ ជារឿង ទទួលបានពានរង្វាន់ជាច្រើនពីទី្វបអាស៊ី និងអឺរ៉ុប។ លើសពីនេះ មហោស្រពឆ្នាំនេះមានរៀបចំសិក្ខាសាលាផលិត ភាពយន្តខ្លី និងកម្មវិធីជជែកពីអត្ថបទភាពយន្តខ្លីដែលទាក់ទាញ។
រីឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌វិញ បានលើកឡើងថា៖ «ខ្ញុំពិតជាកោតសសើរដល់ការខិតខំរបស់ក្រុម«ភាពយន្តឈូករ័ត្ន» ក៏ដូចជាគណៈកម្មការ មហោស្រព។ ឆ្នាំនះជាឆ្នាំពិសេស ព្រោះថា ក្រុមពួកគាត់បានចុះបណ្តុះបណ្តាលដល់យុវជន តាមខេត្តទៀតលើផ្នែកភាពយន្តឯកសារខ្លី ដែលជាខ្លឹមសារសំខាន់សម្រាប់ទស្សនិកជនយើងដែរ។»
មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯសាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេ ដោយមានការជ្រោមជ្រែងពីស្ថាប័នដូចខាងក្រោម៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រជាសាលសន្និសីទ
ក្រសួងព័ត៌មាន គាំទ្រជាថវិកា
មូលនិធិPurin គាំទ្រជាថវិកា
គម្រោងអភិវឌ្ឍ«សម្បួរមាស 6A-261» ឧបត្ថម្ភជាសាច់ប្រាក់ (cash award) និងផលិតកម្ម «កងចក្រ»ឧបត្ថម្ភ សេវាកម្មក្រោយថត (post-production award)សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាម ស្តង់ដារអន្តរជាតិ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាពយន្ត និងទទួលផលិតភាពយន្តបរទេស (Cambodia Film Commision) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ជាដៃគូទីតាំង និងបច្ចេកទេស
ហាងនំប៉័ងបាយ័ន ឧបត្ថម្ភជាអាហារ
ហាង Hot & Cold Catering ឧបត្ថម្ភជាភេសជ្ជៈ
«សប្បាយ», MyTV និង WeduShare គំាទ្រផ្នែកផ្សព្វផ្សាយ
Studio107 គាំទ្រផ្នែកផលិតរូបថត និងវីដេអូ
សីលប៉ាក់ គាំទ្រផ្នែកបោះពុម្ព។
រួមទាំងអ្នកបរិច្ចាគតាមកម្មវិធីរៃអង្គាសជាច្រើនរូប ជាពិសេសលោក Scott NEESON ស្ថាបនិកអង្គការ «មូលនិធិកុមារកម្ពុជា»។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៨កន្លងទៅ ភាពយន្តខ្លីដែលបានទទួលជ័យលាភីភាពយន្តខ្លីឆ្នើមគឺរឿង”ខ្យល់ខែកុម្ភៈ” ដែលដឹកនាំដោយលោក មុន្នី កណ្ណដារង្គ៕