ដំណាំស្វាយរបស់ប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅទីផ្សារប្រទេសចិន ក្រោយការចរចាជិត ៣ ឆ្នាំ។ ការនាំចេញបាននៅពេលនេះ ក្រោមការវាយតម្លៃគុណភាព និងស្តង់ដាសុវត្ថិភាពយ៉ាងតឹងរុឹងបំផុត។
បើតាមលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកពាក់ព័ន្ធនឹងស្ដង់ដារចំនួន ៣ ត្រូវតែអនុវត្ដតាមបច្ចេកទេស ឲ្យបានខ្ជាប់ខ្ជួន ដើម្បីនាំចេញទៅទីផ្សារចិនបាន។
* ស្ដង់ដារទី១៖ ស្ដង់ដារផ្លែស្វាយ គឺទំហំ និងរូបរាងត្រូវមានទំហំធំសមស្រប មានពណ៌ល្អ ដោយមិនមានការបំផ្លាញពីសត្វល្អិត។
* ស្ដង់ដារទី២៖ «ដាំ» ត្រូវប្រើប្រាស់បច្ចេកទេសដាំដុះ ស្របទៅតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ ជាពិសេសការប្រើប្រាស់ ទៅលើសារធាតុគីមីពុល ត្រូវប្រើថ្នាំណា ដែលក្រសួងអនុវត្ដឲ្យប្រើប្រាស់ និងប្រើក្នុងកម្រិតមួយ ទៅតាមបទដ្ឋានបច្ចេកទេសណែនាំ។
* ស្ដង់ដារទី៣៖ មិនត្រូវឲ្យមានភ្ជាប់នូវសមាសភាពចង្រៃណាមួយនោះទេ ទាំងជំងឺ និងសត្វល្អិត គឺមិនត្រូវឲ្យមានជាដាច់ខាត។ បើសិនជាភាគីចិន សង្កេតឃើញស្វាយពីកម្ពុជា ដល់ប្រទេសចិន មានជំងឺ ឬក៏ពងដង្កូវណាមួយនោះ គេនឹងបដិសេធលែងឲ្យកម្ពុជា នាំចូលទៀតនោះឡើយ។
ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។
បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ហើយក្នុងមួយរដូវអាចប្រមូលទិន្នផលសរុបជិត ១.៤លានតោន៕