សម្ដេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរការបញ្ចប់ពិធីបួសខែរ៉ម៉ាឌន និងថ្ងៃបុណ្យរ៉យ៉ា ហ្វ៊ីទ្រី របស់សាសនិកខ្មែរឥស្លាម

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ក្ក្នុងនាមរាជរដ្ឋាភិបាល និងភរិយា​ បានចេញសារអបអរសាទរ និងបានជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផង ដែលបានបញ្ចប់នូវពិធីអំណត់បួស ខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះផងដែរ។

តាមរយៈហ្វេសប៊ុកផ្លូវការ កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល”។

សម្ដេចបានបួងសួងឲ្យបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំឲ្យអល់ឡោះ ទទួលយកនូវកុសល ផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែល បងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕