លោក ឃន ឈុនដារ៉ា នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក ជានាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Café ដែលជាស្លាកសញ្ញាហាងកាហ្វេថ្មីមួយកំពុងមានឈ្មោះបោះសំឡេង ។
ភេសជ្ជៈ KOI កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ លោក ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាសហគ្រិនវ័យក្មេងដែលបានដឹកនាំមុខជំនួញទទួលបាននូវភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះលោកក៏ជាសហគ្រិនវ័យក្មេងកំពុងជោគជ័យខ្លាំងបំផុតក្នុងមុខជំនួញនៅកម្ពុជា។
លោក ឃន ឈុន ដារ៉ា ជានរណា? មានប្រវត្តិការសិក្សាយ៉ាងដូចម្តេចខ្លះ? គេហទំព័រឧកញ៉ាញូស៍សូមបើកកកាយពីជីវិតខ្លះៗរបស់លោកទម្រាំទទួលបាននូវភាពជោគជ័យ។
លោក ឃន ឈុន ដារ៉ា កើតនៅឆ្នាំ១៩៨៩ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេស។ ក្រោយបញ្ចប់ការសិក្សាលោកបានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញដើម្បីបើកហាងតែគជ់មួយនៅទល់មុខវិទ្យាស្ថានភាសាបរទេស ដែលមានឈ្មោះថា KOI នៅអំឡុងឆ្នាំ២០១៤។ ប៉ុន្តែមុនបើក KOI លោកក៏ធ្លាប់បម្រើការងារនៅក្រុមហ៊ុនផ្សេងដែរ។
លោក ឈុនដារ៉ា ធ្លាប់ប្រាប់អ្នកកាសែតថា ការចំណាយដើមទុនក្នុងការបង្កើតអាជីវកម្មនេះអស់ទឹកប្រាក់រហូតដល់ ៦ខ្ទង់ដុល្លារអាមេរិក ក្នុងចំណោមយុវជន៤នាក់ដែលជាម្ចាស់ដើមទុន។
យ៉ាងណាមិញ អតីតនិស្សិតបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងរូបនេះ ក៏ជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៥ ផងដែរ។ លោកត្រូវបានមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៩។
លោកឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាកូនប្រសាឧកញ៉ា ហេង សៀ ភរិយារបស់លោកគឺអ្នកស្រី តាំង គីមហៀង។
គិតមកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា ឃន ឈុនដារ៉ា ក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាងលក់កាហ្វេ Yellow cab , ហាងលក់ Pizza, Orkin ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ ឬក្រុមហ៊ុន និង KYO ម្ហូបបែបជប៉ុន។
តាមរយៈការអភិវឌ្ឍន៍មុខជំនួញលោកបានផ្ដល់ឱកាសការងារដល់បុគ្គលិករាប់រយនាក់ និងជួយដល់សង្គមទាំងកិច្ចការមនុស្សធម៌ និងថវិការាល់ពេលដែលជួបគ្រោះមហន្តរាយផ្សេងៗ។ ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ លោកបាននាំយកភេសជ្ជៈ KOI រាប់រយកែវ និងគ្រឿងឧបរិភោគបរិភោគចាំបាច់ផ្សេងទៀតទៅជូនអ្នកពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងកូវីដ។
លោកឧកញ៉ា ឃន ឈុនដារ៉ា បានឲ្យតំបូន្មានថា៖ «មុននឹងសម្រេចចិត្តបង្កើតអ្វីមួយ អ្នកត្រូវតែសិក្សាព័ត៌មាន និងគិតគូរឲ្យបានច្បាស់លាស់។ អ្វីដែលខ្ញុំមើលឃើញសព្វថ្ងៃនេះ គឺមនុស្សមួយចំនួនចូលចិត្តបង្កើតអាជីវកម្មតាមគ្នាដោយមិនបានសិក្សាពីទីផ្សារច្បាស់លាស់ឡើយ។ ដើម្បីជោគជ័យបានអ្នករកស៊ីត្រូវតែយល់ពីដៃគូប្រកួតប្រជែងរបស់ខ្លួនឲ្យបានច្បាស់ ថាតើគេមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះ?»
សូមចុចអានអត្ថបទខាងក្រោម៖