កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប បានធ្វើសន្និសីទកាសែត ដោយទម្លាយអាថ៌កំបាំងថា អតីតកូនប្រសារ គឺអ្នកស្រី ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប ជាអ្នកចូលដៃចូលជើងគ្នា ដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ ឈ្មោះព្រះតេជគុណ លោក ឌួង ឆាយ។
លោកជំទាវម្ដាយបង្កើតរបស់ ព្រះតេជគុណ ឌួង ឆាយ បានរៀបរាប់ថា កាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង ត្រូវបានគេរៀបចំទុកជាមុន និងបានអនុញ្ញាតឲ្យលោក ឌួង ឆាយ ទៅជួប ហើយក៏ប្រើពាក្យពេចន៍ប្រមាថជាច្រើន ក្នុងគោលបំណងធ្វើឲ្យលោកទប់កំហឹងមិនបានក៏ប្រើហិង្សាលើអ្នកនាង ហើយក៏ប្រមូលវីដេអូទុកជាភស្តុតាង សម្រាប់ដាក់បន្ទុកមកលើរូបលោកតែម្តង។
ករណីបទចោទ ជុំវិញរឿងសមគំនិត ដែលលោកជំទាវ អះអាងនៅក្នុងសន្និសីទសារព័ត៌មាននេះ មិនទាន់មានការបកស្រាយពីលោកស្រី ដេត ម៉ាលីណា និងលោកឧកញ៉ា ឌួង ងៀប នៅឡើយទេ។ ខណៈដែលរឿងរ៉ាវខាងលើនេះ មានមហាជនរង់ចាំតាមដាន ការចេញមុខស្រាយបំភ្លឺពីសំណាក់អ្នកនាង ដេត ម៉ាលីណា ដើម្បីជម្រះមន្ទិលជុំវិញការបញ្ជាក់ពីអតីតម្ដាយក្មេកលោកជំទាវ ខុង លីលីស៊ីអាណា នៅឡើយទេ៕