លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនផ្តល់សេវាកម្មរថយន្តដឹកអ្នកដំណើរ និងសេវាកម្មបញ្ញេីអីវ៉ាន់ដ៏ល្បីឈ្មោះនៅប្រទេសកម្ពុជា និងជាម្ចាស់ Sara Resort, Bus Café, ហាងកាហ្វេ Arabitia, Buva Sea Cambodia និង Micro Art ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរឈានមុខគេតែមួយគត់ ដែលមានសាខាជាមួយប្រទេសថៃ ចិន និងវៀតណាម។ នៅឆ្នាំ២០២១នេះបានពង្រីកខ្លួនច្រើនជាង ៣៥០ សាខានៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មជាច្រើន និងសេវាកម្មបញ្ញេីអីវ៉ាន់ឆាប់រហ័សទាន់ចិត្ត ទំនុកចិត្ត និងសុវត្ថិភាព ។
នៅពីក្រោយភាពជោគជ័យអស្ចារ្យរបស់ក្រុមហ៊ុនបង្កើតដោយកូនខ្មែរសុទ្ធសាធនេះ មិនមានមនុស្សច្រើនប៉ុន្មានទេបានស្គាល់ ដែលជាសហគ្រិនដ៏ប៉ិនប្រសព្វក្នុងការដឹកនាំគ្រប់គ្រងប្រកបដោយចក្ខុវិស័យវែងឆ្ងាញក្នុងការធ្វើជំនួញ។
លោក សួរ វីរៈ កើតឆ្នាំ១៩៨១ នៅខេត្តកំពង់ធំ ជាកូនទី៣ក្នុងចំណោមបងប្អូន ៤ ហើយគិតមកដល់ពេលមានអាយុ ៤០ឆ្នាំ។ ក្រោយគ្រួសារជួបវិបត្តិ និងរកស៊ីខាតមក ឪពុកលោកបានផ្លាស់មករស់នៅរាជធានីភ្នំពេញ និងអ្នកម្តាយទៅរស់និងរកស៊ីនៅខេត្តកោះកុង។
ក្នុងវ័យ ១៤ឆ្នាំ លោក វីរៈ ចេះរកស៊ីដោយចាប់ផ្តើមលក់ការ៉េមកី បោះដុំអោយអ្នកស្រុកលក់បន្ត ហើយកាលណោះលោកកំពុងតែសិក្សានៅឡើយ។ ការ៉េមមួយចំនួនលោកបោះដុំ និងមួយចំនួនទៀតឌុបកងលក់ពេលមកសាលារៀន ខណៈពេលចេញលេងក៏លក់ការ៉េមក្នុងសាលាតែម្តង។
ក្នុងឆ្នាំ១៩៨៨ លោកបានចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅភ្នំពេញរស់នៅជាមួយម្តាយមីងខាងឪពុក។ លោកធ្លាប់បានប្រឡងជាប់ជាគ្រូបង្រៀន ក្រោយមកលោកក៏បោះបង់ចោល ហើយទៅរស់នៅខេត្តកោះកុងជាមួយម្តាយ ក្នុងឆ្នាំ១៩៨៨ ដោយអ្នកម្តាយជាអ្នកលក់ផ្លែឈើ។
ទៅដល់ខេត្តកោះកុងលោក វីរៈ ចាប់ផ្តើមមុខរបរលក់ផ្លែឈើនៅពេលរាត្រី។ លក់ដូរបានមួយរយៈលោកក៏ចាប់ផ្តើមរត់ម៉ូតូឌុបដឹកភ្ញៀវនៅកំពង់ផែ ដោយបន្តវេនពីបងប្រុស។ គូបផ្សំមានទាំងចំណេះខាងភាសាផងលោកក៏ទទួលបានភ្ញៀវច្រើនក្នុងដៃជាហេតុបណ្តាលឲ្យលោកមានប្រាក់មួយចំនួន។
ក្រោយពីទទួលបានជោគជ័យលោក វីរៈ ក៏បែកគំនិតបោះជំហ៊ានមកជួលផ្ទះវីឡាមួយកន្លែង ដើម្បីធ្វើផ្ទះស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍បរទេស ដោយបោះទុនវិនិយោគ ១ម៉ឺនដុល្លារអាមេរិក។ ការបោះទុននេះព្រោះលោកបានមើលឃើញពីលំហូរភ្ញៀវទេសចរ ចរាចរណ៍ឥតដាច់នៅខេត្តកោះកុង។
ក្នុងឆ្នាំ២០០៤ លោក វីរៈ ក៏បន្ថែមមុខជំនួញមួយទៀត គឺរថយន្តដឹកភ្ញៀវទេសចរណ៍។ ក្រោយបន្តជោគជ័យឥតឈប់ឈរលោកក៏បានបង្កើតក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។ ដោយមានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់ភ្ញៀវទេសចរណ៍ លោកក៏សម្រេចចិត្តបើកបំរើសេវាកម្មដឹកជញ្ជូននៅពេលយប់តំបូងគេនៅស្រុកខ្មែរ។
គិតមកដល់ពេញបច្ចុប្បន្នលោក វីរៈ គ្រប់គ្រងអាណាចក្រជំនួញជាច្រើនរួមមាន៖ ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រុមហ៊ុន Sara Resort ដែលមាន ៧កន្លែង និងក្រុមហ៊ុន កប៉ាលដឹកជញ្ជូនភ្ញៀវទេសចរ Buva Sea Cambodia នៅខេត្តព្រះសីហនុ Bus Café, ហាងកាហ្វេ Arabitia, និង Micro Art ផងដែរ។
ផ្តើមពីជីវិតលំបាកជូរជត់ក្រោយមកក្តោបក្តាប់មុខជំនួញទ្ទង់លានដុល្លារនៅក្នុងពិភពជំនួញនៅកម្ពុជា លោក សួរ វីរៈ បានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល មានការកសាងសាលារៀន វត្តអារាម មន្ទីរពេទ្យ អណ្តូងទឹក និងការងារសប្បុរសធម៌ជាច្រើនទៀតក្នុងសង្គម។ នៅក្នុងឆ្នាំ២០១៦ លោកទទួលបានគោរមងារជា ឧកញ៉ា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា សួរ វីរៈ បានឲ្យដំបូន្មានថា៖ “គ្មានអាជីវកម្មណាពិបាកគ្រប់គ្រងជាងគ្រប់គ្រងអាជីវកម្មរថយន្តឈ្នូលនោះទេ ព្រោះត្រូវប្រើមនុស្សដែលមិនសូវចេះអក្សរច្រើនគ្នា ហើយព្រឹកឡើងមិនទាន់ បាត់រថយន្ត បាត់ទាំងមនុស្ស។”
លោកថា៖ ដើម្បីដឹកនាំ និងគ្រប់គ្រងបុគ្គលិក ចាំបាច់ទាមទារឲ្យយើងសិក្សាស្វែងយល់ពីពួកគាត់ និងបុគ្គលិកលក្ខណៈរបស់ពួកគាត់ឲ្យបានច្បាស់ ពិសេស អ្នកដែលជាអ្នកដឹកនាំត្រូវការខ្លាំងបំផុតគឺភាពអំណត់ មិនពុំនោះទេ អ្នកមិនអាចទ្រាំទ្រនឹងពួកគាត់បានឡើយ៕