រដ្ឋាភិបាលប្រទេសជប៉ុននៅថ្ងៃពុធបាននិយាយថា ជប៉ុននឹងហាមអ្នកដំណើរបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមិនឲ្យចូលប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់កូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ចំណាត់ការនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃសុក្រ ទី២១ ខែឧសភា សប្តាហ៍នេះ។ ការហាមអ្នកដំណើរជនបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមាន ស្រីលង្កា សីស្ហែល សេនលូសៀ ទីម័រខាងកើត និងម៉ុងហ្គោលីដែលបានធ្វើឲ្យកើតចំនួនប្រទេស និងតំបន់ដែលត្រូវរឹតត្បិតដល់ទៅ១៥៩។
អ្នកដំណើរបរទេសទាំងអស់ដែលបានទៅកាន់តំបន់ទាំងនោះក្នុងរយៈពេល១៤ថ្ងៃនៃការមកដល់នឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រទេសជប៉ុនឡើយ លើកលែងតែមានករណីពិសេស។ ជនជាតិជប៉ុនមិនស្ថិតនៅក្រោមបំរាមនេះទេ។
រូបភាព kyodo
ការចេញវិធានការនេះដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលដាលនៅប្រទេសជប៉ុន ខណៈប្រទេសអាស៊ីមួយនេះគ្រោងនឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
ទន្ទឹមជាមួយគ្នានេះ មហាជនជាច្រើនបានដាក់ញត្តិតាមអនឡាញឲ្យជប៉ុនលុបចោលគម្រោងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដោយសារប្រឈមនឹងកូវីដ-១៩ ប៉ុន្តែទាំងរដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅតែប្តេជ្ញាដំណើរការព្រឹត្តិការណ៍កីឡានេះដដែល។
សូមបញ្ជាក់ថា ប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះមានករណីឆ្លងសរុបចំនួន៦៩២ ៧០២នាក់ និងករណីស្លាប់ចំនួន១១៨៥១នាក់៕
ប្រភព៖ nippon