ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក កំពុងផ្ទុះនៅវៀតណាម ក្រសួងកសិកម្ម ស្នើ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក និង​ផលិតផល​សាច់ជ្រូក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​សាច់ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ហើយ​ការស្នើ​ឲ្យ​ទប់ស្កាត់​នេះ ដោយសារតែ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោករដ្ឋមន្ត្រី វែង សាខុន ឲ្យដឹងថា បច្ចុប្បន្ន​ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក (ASF) កំពុង​បន្ត​ឆ្លង​រាលដាល​នៅក្នុង​ពិភពលោក និង​បាន​ឆ្លង​រាលដាល​ចូលក្នុង​ប្រទេស​អាស៊ី ក្នុងនោះ​មាន​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍ រួមមាន ប្រទេស​វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រទេស កម្ពុជា​ផងដែរ​។

បើតាម​លោក វែង សាខុន ជំងឺ​នេះ​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀតណាម លើកដំបូង​ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​បន្ត​ផ្ទុះ​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀតណាម ម្ដងទៀត ដែល​អាច​នឹង​បន្ត​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​បណ្ដា​ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា រួមមាន៖ ខេត្ត​ដាក់​ណុង ជាប់​ខេត្តមណ្ឌលគិរី​, ខេត្ត​យ៉ា​ឡាយ ជាប់​ខេត្តរតនគិរី​, ខេត្ត​ដុង​ថាប់ ជាប់​ខេត្តព្រៃវែង​, ខេត្ត​កៀន​យ៉ាង ជាប់​ខេត្តកំពត​, ខេត្ត​តៃនិញ ជាប់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​, ខេត្ត ឡុង​អាន ជាប់​ខេត្តស្វាយរៀង​, ខេត្ត​ប៊ិ​ញ​ភូ ជាប់​ខេត្តក្រចេះ និង​ខេត្ត​អាន​យ៉ាង ជាប់​ខេត្តតាកែវ និង​ខេត្តកណ្តាល ដែលជា​សញ្ញា ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​។