លោក ព្រាប កុល៖ កម្រមានប្រទេសណានៅក្រោមមេឃ ដែលមានពលរដ្ឋវ័យក្មេងច្រើនដល់ម្លឹង

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍ជាតិលទ្ធផលចុងក្រោយនៃជំរឿនដែលចេញផ្សាយដោយក្រសួង​ផែនការ នៅថ្ងៃ​ទី២៦ ​ខែ​មករា ឆ្នាំ២០២១ បង្ហាញថា កម្ពុជាមានពលរដ្ឋជាង១៥លាន៥សែននាក់ គិតត្រឹមខែមីនា ឆ្នាំ២០១៩ ខណៈដែល១១ឆ្នាំមុន គឺនៅឆ្នាំ២០០៨ មានចំនួន​ជាង​១៣លាន៣សែននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើប្រៀបធៀបជំរឿនក្នុងឆ្នាំ២០១៩ និងឆ្នាំ២០០៨ ប្រជាជនវ័យក្មេង ដែលមានអាយុពី០ឆ្នាំ​ ទៅ៤ឆ្នាំ មានការធ្លាក់ចុះពី៣៣% ទៅ២៩.៤% ហើយប្រជាជនវ័យកណ្តាល(១៥-៥៩ឆ្នាំ) បានកើនឡើង ពី៦០% ទៅ៦១.៧%  និងមនុស្សចាស់ចាប់ពី៦០ឆ្នាំឡើង បានកើនឡើងពី៦.៣% ទៅ៨.៩%។

លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងបច្ចុប្បន្នជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានចោទជាសំណួរថា តើពលរដ្ឋជាទ្រព្យ ឬជាបំណុល? លោកគូសបញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលមានអាយុតិចជាង ៣៥ឆ្នាំ មានចំនួនរហូតដល់ទៅ ៧២% នៃប្រជាពលរដ្ឋសរុប។ កម្រមានប្រទេសណានៅក្រោមមេឃ ដែលមានពលរដ្ឋវ័យក្មេងច្រើនដល់ម្លឹង។

លោក ព្រាប កុល បានលើកឡើងថា ពលរដ្ឋអាចជាទ្រព្យផង និងអាចជាបំណុលផងរួមមាន៖
១. ពលរដ្ឋដែលជាទ្រព្យ មានលក្ខណសម្បត្តិដូចខាងក្រោម ៖
– មានចំណេះវិជ្ជា និងជំនាញច្បាស់លាស់ អាចធ្វើការ ឬបង្កើតអាជីវកម្ម ដែលទទួលបានចំណូលសមរម្យ។
– មានគុណធម៌ និងសីលធម៌ ក្នុងការរស់នៅ
– មានសុខភាពល្អ ទាំងផ្នែករាងកាយ និងសុខភាពផ្លូវចិត្ត
– ឧស្សាព្យាយាម និងចេះច្នៃប្រឌិត
– មានឧត្តមគតិ និងមន:សិកាស្នេហាជាតិ និងបម្រើផលប្រយោជន៍ខ្លួនឯងផង និងផលប្រយោជន៍សង្គមផង

២. ពលរដ្ឋដែលជាបំណុល មានលក្ខណដូចខាងក្រោម ៖
– អវិជ្ជា គ្មានចំណេះដឹង ឬជំនាញពិតប្រាកដ
– មានចរិតពាល ធ្វើសកម្មភាពពាលា អសីលធម៌ និងប្រព្រឹត្តិអំពើទុច្ចរិតផ្សេងៗ
– មានបញ្ហាសុខភាព ផ្នែករាងកាយ និងផ្លូវវចិត្ត
– ញៀនគ្រឿងស្រវឹង ឬថ្នាំញៀន និងល្បែងពាលា
– ខ្ជឹលច្រអូស
– អាត្មានិយម (គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន)
*អ្នកដឹកនាំប្រទេសត្រូវមានគោលនយោបាយធ្វើឱ្យពលរដ្ឋក្លាយជាទ្រព្យ និងទប់ស្កាត់ពលរដ្ឋមិនឱ្យក្លាយទៅជាបំណុល។
*ឪពុកម្តាយ ឬអាណាព្យាបាលមានកាតព្វកិច្ចធ្វើឱ្យកូន ឬសមាជិកក្នុងបន្ទុករបស់ខ្លួនក្លាយជាទ្រព្យ និងទប់ស្កាត់ពួកគាត់កុំឱ្យក្លាយជាបំណុល។
*ពលរដ្ឋម្នាក់ៗ ត្រូវធ្វើខ្លួនឱ្យក្លាយជាទ្រព្យ និងទប់ស្កាត់ខ្លួនឯងកុំឱ្យក្លាយជាបំណុល៕