លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលគេស្គាល់ថា ជាជនសប្បុរធម៌ម្នាក់ដ៏សកម្មបំផុតនៅកម្ពុជា បានឧបត្ថម្ភថវិកាប្រមាណ២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារអាមេរិក ដល់អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលជាអង្គការមូលនិធិការពារគ្រោះថ្នាក់ចរាចរណ៍អាស៊ី។
នេះមិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភថវិកាដល់អង្គការមូលនិធិការពារគ្រោះថ្នាក់ចរាចរណ៍អាស៊ី។ កន្លងមកក្រៅតែពីការឧបត្ថម្ភជាថវិកា លោកឧកញ៉ាតែងតែខ្នះខ្នែងចូលរួមពិភាក្សា ផ្ដល់យោបល់ យ៉ាងសកម្មភាពជាមួយនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអភិវឌ្ឍន៍សង្គមជាតិ។
សូមជម្រាបថា ការឧបត្ថម្ភនេះ ធ្វើឡើងនៅក្នុងពិធីពិសាអាហារសាមគ្គីសប្បុរសធម៌ និងថ្លែងអំណរគុណអ្នកគាំទ្រ សន្និសីទប្រចាំឆ្នាំ លើកទី២ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ សណ្ឋាគារសូហ្វីតេលភ្នំពេញ ភូគីត្រា ដោយមានការចូលរួមពីគណអធិបតីភាពទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
យ៉ាងណា អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលធ្វើកិច្ចការពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោកបានទាមទារឱ្យមានការចូលរួមគាំទ្រច្រើនពីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីរួមគ្នាធ្វើកិច្ចការនេះទាំងអស់គ្នា ព្រោះថាសុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាស្មុគស្មាញបំផុត៕
ប្រភព៖ interconrooster.com