ចំនួនអ្នកឆ្លងកូវីដ១៩ ប៉ុន្មានថ្ងៃចុងក្រោយនេះនៅរាជធានីភ្នំពេញមានការងើបឡើងវិញគួរឲ្យកត់សម្គាល់ ខណៈនៅខណ្ឌដូនពេញ រកឃើញអ្នកឆ្លងកូវីដ និងប្រកាសឲ្យមានការប្រុងប្រយ័ត្នជាច្រើនកន្លែង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានបង្ហាញមានអ្នកឆ្លងនឹងប្រកាសឲ្យមានការប្រុងប្រយ័ត្នរួមមាន៖
ទី ១ រកឃើញថាមានប្ដីប្រពន្ធ និងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩។ ជាក់ស្តែងស្ត្រីមេផ្ទះម្នាក់ នៅផ្ទះមើលថែកូនអាយុ ២ខួប មានប្ដី ជាអ្នកធ្វើការ ខាងផ្នែកដឹកជញ្ចូន នៅហាងហ្គាសទាន់សម័យ គាត់តែងតែទៅទិញគ្រឿងទេស ដែលលក់នៅទល់មុខផ្ទះ ហើយបាននិយាយគ្នាលេងបន្តិច ពេលទៅទិញកាលពីថ្ងៃទី ២១ ខែឧសភា។ ស្រាប់តែនៅថ្ងៃទី ២២ ខែឧសភា អ្នកលក់នោះ បានទៅធ្វើតេស្តរកឃើញ វិជ្ជមាន មេរោគកូវីដ១៩។ ស្ត្រីនោះក៏បាន សម្រេចចិត្តទៅធ្វើតេស្ដ នៅថ្ងៃបន្ទាប់ ដោយសារមានអាការៈក្អក ហើយទទួលបានលទ្ធផលវិជ្ជមាន។ ប្ដីនិងកូន របស់គាត់ ក៏រកឃើញ វិជ្ជមាន ជាបន្តបន្ទាប់។
ដូច្នេះសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬទទួលអីវ៉ាន់ ឬហ្គាសពី ហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូន ធ្វើការនៅទីតាំងខាងលើ។
ទី ២ ត្រូវបានរកឃើញស្រ្តីជាអ្នកជំងឺ កូវីដ១៩ ម្នាក់ គឺជា លក់ភេសជ្ជៈ និង ប្រដាប់ក្មេងលេង នៅមុខមន្ទីរពេទ្យ គន្ធបុប្ផា វត្តភ្នំ។
ទី ៣ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្ញើអីវ៉ាន់នៅក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានទីតាំងនៅផ្លូវលេខ ៨៦ កែងផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅផ្ញើអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយ បុគ្គលិកខាងទទួលអីវ៉ាន់ ៣នាក់ ដែលបានប៉ះពាល់ផ្ទាល់ នៅមិនទាន់បានយកសំណាកទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។
ទី ៤ អ្នកជំងឺ កូវីដ១៩ ម្នាក់បានទៅទិញនំបុ័ង នៅហាង នំបុ័ង 3A នៅសង្កាត់ផ្សារកណ្តាល កាលពីថ្ងៃទី ២៣ ឧសភា ២០២១ មុនពេលទៅធ្វើតេស្ដ។
ទី ៥ នៅអេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយអ្នកលក់នៅទីតាំងនេះមិនទាន់បានយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។
ទី ៦ នៅហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០Eo, ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ព្រោះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៩និង០០ ដល់ម៉ោង ១០និង៣០ ពេលព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ។
ទី៧ នៅផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៨និង៤០ ដល់ម៉ោង ១៩និង០០ ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ។
ទី៨ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕