អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត និងអង្គទូតនានាប្រចាំកម្ពុជាជាច្រើនរូប។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១ឆ្នាំ ៣៦០ថ្ងៃ នៅលើផ្ទៃដីទំហំសរុប ៥០៩,៥៣៩ម៉ែត្រការ៉េ ដែលជាការផ្តួចផ្តើម និងស្នើឱ្យមានការសិក្សាដោយសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការអនុញ្ញាតឱ្យមានការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃ ដែលលេចចេញជារូបរាងនាពេលនេះឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ថ្លែងចេញពីវេទិកាអធិបតី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនេះ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល នីតិកាលទី៦។ សម្ដេចធិបតីសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងបន្ដបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពវីជ្ជាជីវៈខ្ពស់។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកម្មរបស់ខ្លួន។ សម្តេចបន្ថែមថា ជាមួយសមិទ្ធផលទាំងនេះ តាងនាមឱ្យក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល សម្ដេចធិបតី បានបញ្ជាក់ជូនប្រជាពលរដ្ឋនូវការប្ដេជ្ញាចិត្តក្នុងការបម្រើដល់ប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ឱ្យស័ក្តិសមទៅនឹងសេចក្ដីទុកចិត្ត និងការស្រលាញ់របស់ប្រជាពលរដ្ឋ ចំពោះរាជរដ្ឋាភិបាល។
បន្ទាប់ពីបានសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គពិធីរួមមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំនៃក្រុមហ៊ុនទទួលសិទ្ធិសាងសង់អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃចំនួន៧រូប។ បន្ទាប់មកទៀត សម្តេចបន្តចុះហត្ថលេខាទុកជាប្រវត្តិសាស្ត្រដ៏ធំធេងទុកនៅលើសៀវភៅក្រាំងមាសរបស់ក្រសួងមហាផ្ទៃ ផងដែរ។
សូមជម្រាបថា អគារថ្មីនេះត្រូវបានសាងសង់នៅលើទីតាំងអគារទីស្តីការចាស់(អគារA) ក្នុងបរិវេណនៃក្រសួងមហាផ្ទៃ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើ់យបានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សំណង់ស្ថាបត្យកម្ម សំណង់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងមានរាងបួនជ្រុងទ្រវែង មានបណ្តោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ម៉ែត្រការ៉េ ហើយអាចផ្ទុកមនុស្សបានសរុបចំនួន ៦,០៥១នាក់ សម្រាប់ចំណតរថយន្តអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មជាប្រភេទស្ថាបត្យកម្មក្លាស៊ិក រចនាប័ទ្មខ្មែរ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បុកចំនួន ៥ យកលំនាំតាមប្រាសាទអង្គរវត្តកំពូលប្រាំ កម្ពស់ ១១៨ម៉ែត្រ និងមានលំហសួនច្បារនៅចំកណ្តាលអគារចំនួន ៣៕